ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ស្វាគមន៍ រាល់កិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ International higher Education Champion និង British Universities ដឹកនាំដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ Steve Smith តំណាងរដ្ឋាភិបាលចក្រភពអង់គ្លេសទទួលបន្ទុក HE TNE (High Education and transnational Education)។

ជំនួបនេះបានពិភាក្សាផ្ដោតសំខាន់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យ Steve Smith UK HE TNE Representative បានមានប្រសាសន៍ថា ទន្ទឹមនឹងការចង់ឃើញកំណើននិស្សិតកម្ពុជាកាន់តែច្រើនទៅបន្តការសិក្សានៅចក្រភពអង់គ្លេស រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏ចង់ផ្តល់ឱកាសសិក្សាដល់និស្សិតនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ តាមរយៈការចាប់ដៃគូជាមួយស្ថាប័នអប់រំនានានៅកម្ពុជា ដោយការធានាទំនុកចិត្តថា និស្សិតកម្ពុជានឹងទទួលបានការអប់រំប្រកបដោយគុណភាព ដូចគ្នានឹងការទៅសិក្សានៅចក្រភពអង់គ្លេស។

តបនឹងការលើកឡើងខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡារីករាយស្វាគមន៍រាល់កិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តួយ៉ាងបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងខិតខំប្រឹងប្រែងអនុវត្តកំណែទម្រង់វិស័យអប់រំលើគ្រប់កម្រិតសិក្សា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ និងដើម្បីការសម្របខ្លួនឱ្យទាន់យុគសម័យថ្មី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ចក្រភពអង់គ្លេស ដែលបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងសន្យាបន្តគាំទ្ររាល់គម្រោង និងសកម្មភាពរបស់ចក្រភពអង់គ្លេសទាក់ទងទៅនឹងវិស័យអប់រំ ៕

ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner