និស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន ចែករំលែកបទពិសោធន៍ ដើម្បីឈានទៅសម្រេចគោលដៅ
(ភ្នំពេញ)៖ កត្តាសុខសន្តិភាពទើបធ្វើអោយកម្ពុជា បានបង្ហាញវត្តមានធនធានមនុស្សជាយុវជន ជាច្រើននៅលើឆាកអន្តរជាតិអោយបានស្គាល់ និងដឹងកាន់តែច្បាស់ពីកម្ពុជាប្រកបដោយមោទនភាព។ យុវជនជាទំពាំងស្នងឫស្សីជាច្រើន ដែលបានលើកត្រដាងទង់ជាតិកម្ពុជា នៅតាមបណ្តាប្រទេសនានា និងនៅតាមបណ្តាប្រទេសជាច្រើនទៀតទូទាំងពិភពលោក ហើយក៏មិនមានយុវជនច្រើននោះដែរ ដែលបានលើកទង់ជាតិកម្ពុជានៅលើមហាកំផែងប្រទេសចិនដែលជាមិត្តដែកថែប ។ ប៉ុន្តែយុវជន សុផល រ៉ាម បានឈរកាន់ទង់ជាតិកម្ពុជា យ៉ាងមានភាពជឿជាក់ និងមានមោទនភាព បំផុតនៅលើមហាកំផែងដ៏អស្ចារ្យមួយនេះ ។
ថ្មីៗនេះក៏មាននិស្សិតកម្ពុជាដែលជាយុវជនជំនាន់ក្រោយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (Beijing Foriegn Studies University) នឹងត្រៀមបន្តទៅថ្នាក់អនុបណ្ឌិត មកចែករំលែកបទពិសោធន៍ រួមជាមួយនិងការងារសង្គមមួយចំនួន ដែលធ្លាប់ឆ្លងកាត់ជូនដល់យុវជនជនជំនាន់ក្រោយៗទៀត។

យុវជន សុផល រ៉ាម បានចូលសិក្សានៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ដោយទឹកចិត្តជាសិស្ស ស្រលាញ់ការសិក្សារៀនសូត្រ រហូតបានក្លាយជាយុវសិស្សដ៏ឆ្នើមប្រចាំសាលា និងទទួលបានអាហាររូបករណ៍ចេញបន្តទៅបន្ថែមវិជ្ជានៅក្រៅប្រទេស។
បន្ទាប់ពីទទួលបាន អាហាររូបករណ៍ យុវជន សុផល រ៉ាម បានបន្ត និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ លើជំនាញ Business Administration (Electronic Commerce) ពីសាកលវិទ្យាល័យ Beijing Foreign Studies University(International Business School) នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រនេះ យុវជន សុផល រ៉ាម ក៏បានត្រៀមខ្លួន ដើម្បីបន្តទៅថ្នាក់ អនុបណ្ឌិត រួចរាល់ហើយផងដែរ។

យុវជន សុផល រ៉ាម ដែលទើបតែមានវ័យ២៤ឆ្នាំ បានរៀបរាប់អំពីដំណើរនៃការសិក្សា អោយក្លាយជាសិស្សពូកែ និងទទួលបានជោគជ័យ ក្នុងការរៀនសូត្រ ក្រៅពីក្រុមគ្រួសារ កត្តាចម្បង គឺការ រាប់អានមិត្តភ័ក្តិ បើមិត្តភ័ក្តិ ជាអ្នកសិក្សារៀនសូត្រ នោះនឹងនាំយើងទៅកាន់ផ្លូវល្អ ប៉ុន្តែបើប៉ះមិត្តភ័ក្តិ គិតតែដើរលេង នាំដើរចូលផ្លូវមិនល្អ នោះយើងច្បាស់ជា ធ្លាក់ចូលក្នុងគន្លង នៃភាពអវិជ្ជាហើយ។ ទោះបីជាយ៉ាងណា គឺមានតែការខិតខំសិក្សារៀនសូត្រ មិនត្រូវ រួមគ្នាបង្កើតបក្ខពួក បងតូចបងធំ ក្មេងទំនើងនោះទេ ទាំងនេះ គឺជាទង្វើរ ដែលសង្គមមិនគាំទ្រឡើយ ជាពិសេស គឺត្រូវឃ្លាតអោយឆ្ងាយពីគ្រឿងញៀន។
សុផល រ៉ាម បន្តថា ដោយសារតែការ ជៀសចាកឆ្ងាយ ពីអំពើអបាយមុខ ខាងលើនេះហើយ ទើបធ្វើអោយខ្លួន ដែលជាយុវជន នឹងក្លាយទៅជាទំពាំងឫស្សីដ៏ល្អ រួមជាមួយ នឹងការខិតខំប្រឹងប្រែង រៀនសូត្រ តស៊ូព្យាយាម ទើបខ្លួនឈានដល់ការ សម្រេចក្តីបំណង ជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជា ពិតជាត្រូវការធនធានមនុស្ស ដែលមានចំណេះ និងជំនាញ ពិតប្រាកដ ដើម្បីចូលរួមកសាងសង្គមជាតិ អោយកាន់តែរីកចម្រើន។
យុវសិស្សឆ្នើម សុផល រ៉ាម បញ្ជាក់ថា ៖ អ្នកខ្លះក៏មានមតិថា ការសិក្សាមិនសំខាន់ទេអ្នកខ្លះរៀនពូកែក៏មិនប្រាកដថារកលុយបានច្រើន។ ប៉ុន្តែត្រូវចាំថាការដែលយើងរៀនមុខវិជ្ជាទាំងអស់នោះ ហើយទើបយើងអាចដឹងថាមុខវិជ្ជាមួយណា ដែលយើងចូលចិត្ត និងពូកែ ដើម្បីជាស្ពាន ជួយឲ្យយើងបានរើសនូវជំនាញដែលយើងគិតថាយើងស្រឡាញ់និង សាកសមទៅនឹងសមត្ថភាពរបស់យើង។ ទន្ទឹមនឹងនេះការដែលយើងងើបទាន់ម៉ោងដើម្បីទៅរៀនការដែលយើងអាចគ្រប់គ្រងលៃពេលនិងមានទំនួសខុសត្រូវ នៅ ក្នុងសាលានិងក្រៅសាលានៅវ័យកំពុងតែសិក្សាមួយនេះគឺជាបុគ្គលិកលក្ខណៈ ដែលយើងត្រៀម សម្រាប់សង្គម ខាងក្រៅ ធ្វើឱ្យយើងស្គាល់ពីតម្លៃអ្នកដទៃតម្លៃរបស់ខ្លួន ឯង ការដែលយើងទៅឲ្យទាន់ម៉ោងការដែលយើងគោរពពាក្យសន្យារវាងគ្នានឹងគ្នា។ ទាំងនេះហើយគឺជាបុគ្គលិកលក្ខណៈដែលធ្វើឲ្យយើងមានតម្លៃនៅក្នុងគ្រួសារនិង ក្នុងសង្គមនៅថ្ងៃក្រោយ។

យុវជនរូបនេះបន្ថែមថា ដោយសារតែ ប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ទើបមានឪកាស បានសិក្សារៀនសូត្រ តាំងពីនៅក្នុងស្រុក រហូតបន្តការសិក្សា នៅក្រៅប្រទេស ដើម្បីយកចំណេះដឹងដែលទទួលបាន ទៅបម្រើជាតិ។ បើទោះបីជាត្រូវ ចាកឆ្ងាយ ពីប្រទេស ពីក្រុមគ្រួសារ ប៉ុន្តែនេះមិនមែនជាឧបសគ្គនោះទេ ហើយបើទោះបី ជាទទួលនូវផលលំបាកមួយចំនួន ដូចជា អាកាសធាតុ គឺត្រូវតែតស៊ូ ជានិច្ច ដើម្បីសម្រេចគោលបំណង។
សុផល រ៉ាម ក៏បានថ្លែងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយថា សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ទាំងក្នុងប្រទេស នឹងក្រៅប្រទេស ជាពិសេសសិស្សានុសិស្ស ដែលនៅឆ្ងាយពីផ្ទះ មិនថានៅទីក្រុងថ្មី ឬក៏នៅក្នុងប្រទេសថ្មី ពេលជួបលំបាកសូមកុំចុះចាញ់ តែផ្ទុយទៅវិញត្រូវចាំពាក្យមួយម៉ាត់នេះថា “យើងចាកចេញពីផ្ទះរបស់យើង ដើម្បីថ្ងៃក្រោយយើងមាន សមត្ថភាពផ្លាស់ប្ដូរផ្ទះរបស់យើង” (Don’t forget that we left HOME to change HOME) ៕

ដោយ / គ្រី សម្បត្តិ