មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់គ្រប់កងឯកភាពចំណុះទាំងអស់ រៀបចំកម្លាំង ត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងបណ្ដាការិយាល័យ ស្ថាប័នចំណុះទាំងអស់ ត្រូវរៀបចំកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងត្រៀមអន្ត រាគមន៍ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអន្តរាយផ្សេងៗ នៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសផ្សព្វផ្សាយផែនការសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយ រីករាយ និងការបែងចែកកម្លាំងចូលរួមអបអរ សាទរក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងទី ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយផែនការ និងសេចក្តីជូនដំណឹង ព្រមទាំងលិខិតបទដ្ឋាននានា របស់រដ្ឋបាលខេត្តកំពង់ធំ និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការប្រើប្រាស់កម្លាំងចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣ ។

ជាមួយនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់ដែរថា ដើម្បីចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំឆ្នាំ ២០២៣នេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានរៀបចំទូកខ្នាតអន្តរជាតិចំនួន១ គ្រឿង ដែលមានចំនួនកីឡាករត្រូវចូលរួមប្រកួតប្រជែងចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់ សរុបចំនួន៣០នាក់ ដើម្បីចូលរួមអបអរសារទរ ក្នុងពិធីនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំ និងពង្រឹងតួនាទីភារកិច្ច ក្នុងការអនុវត្តន៍ការងារយ៉េនឌ័រ ព្រមទាំងបានសំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងអង្គភាព បានប្រគល់ជូនឲ្យទទួលបានជោគជ័យ ៕

ដោយ ប៊ុន រដ្ឋា

ads banner