ឧបទ្ទវហេតុរថភ្លើងបុកគ្នានៅប្រទេសបង់ក្លាដែសបណ្តាលឱ្យមនុស្ស១៥នាក់​​ស្លាប់​ និងជាច្រើននាក់ទៀត​រងរបួស​

ដាក្កា៖​កាលពីថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រថភ្លើងដឹក​ទំនិញមួយគ្រឿង​បាន​បុក​រថភ្លើង​ដឹកអ្ន​ក​​ដំណើរ​នៅ​ខាងក្រៅរដ្ឋធានីបង់ក្លាដែស បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ និងម​នុ​ស្ស​ជាច្រើន​នាក់ផ្សេងទៀតរងរបួស។​

បើតាមមន្ត្រីពន្លត់អគ្គិភ័យមួយរូប លោក Mosharraf Hossain បាននិយាយថា នៅវេលាម៉ោង ៣កន្លះ ​រសៀលក្រុ​ម​ជួយសង្គ្រោះ​បាន​រួមគ្នាជា​មួយ​ប្រជាពលរដ្ឋក្នុ​ងភូមិ Bhairab នៃ​ស្រុក Kishoreganj ជាកន្លែ​ងដែល​ការប៉ះ​ទង្គិ​ច​កើតឡើង​ ដើម្បីទាញយក ឬសង្រ្គោះ​អ្នក​ដំណើរ​ដែលជាប់​នៅក្នុង​បំណែក​​នៃរថយន្តរថភ្លើ​ង។​

សម្រាប់ចំនួនមនុស្សពិតប្រាកដដែលជាប់ក្នុងបំណែករថភ្លើងគេនៅមិនទាន់ដឹងច្បាស់នៅឡើយ ក៏ប៉ុន្តែ​​ លោក Mosharraf Hossain បានឱ្យដឹង​ថា គិតត្រឹមថ្ងៃចន្ទ សាកសព​​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥ នាក់​ត្រូវ​បាន​ទាញចេញមក ខណៈអ្នកដំណើរដែលរង​របួសហើយអាចបន្តបាត់បង់ជីវិត​នឹង​កើន​ឡើង​ជាបន្ត​បន្ទាប់ទៀត។ ​

គិតត្រឹមពេលនេះមន្ត្រីបង់ក្លាដែសមិនទាន់កំណត់មូលហេតុចម្បងនៃឧបទ្ទវហេតុនេះបាននៅឡើយទេ ខណៈគេអាចឱ្យដឹងបានត្រឹមថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលរថភ្លើងដឹកទំនិញ​មួយដែល​រត់ឆ្ពោះ​ទៅកាន់ទីក្រុង Chattogram បុកពេញទំហឹងទៅលើរថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Egarosindur Godhuli Express ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយ ហើយក្រឡាប់តែម្តង។​

គួរជម្រាបថា គ្រោះថ្នាក់រថភ្លើងបុកគ្នាស្ទើរក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសបង់ក្លាដែស ដែល ជា​រឿយៗ ឧបទ្ទវហេតុទាំងនេះបង្កឡើងដោយសារបញ្ហាសញ្ញាប្តូរទិសដៅមិនល្អ បញ្ហាធ្វេសប្រហែស ផ្លូវដែក​មានសភាពចាស់ជ្រុស ឬហេដ្ឋារចនាសម្ព័ន្ធភាគច្រើនស្ថិតក្នុងសភាពខូចតែម្តង៕

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ At least 15 killed and many injured when 2 trains collide in central Bangladesh

ads banner