គណបក្សប្រជាជនកម្ពុជា និងគណបក្ស ២៨ ត្រៀមចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពនយោបាយ (Video Inside)

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៨ គ្រោងនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅវេលាថ្ងៃទី២៥តុលានេះ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគ្នានេះ នឹងមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាវិមាន៧មករា។

គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា នេះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា, គណបក្សមហានគរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងមុននេះ ចាត់ទុកការចងសម្ព័ន្ធភាពគណបក្សនយោបាយនេះ គឺដើម្បីការការពាររបបរាជានិយម, ការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សម្តេចតេជោនៅបានថ្លែងទៀតថា ការចងសម្ព័ន្ធភាពគ្នារវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយផ្សេងទៀត ក៏ជាកាតព្វកិច្ច ដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម ដែលតែងធ្វើការញុះញង់ចង់បំផ្លាញសេចក្តីសុខ និងសន្តិភាពរបស់ប្រទេសកម្ពុជាផងដែរ។

ads banner