លោក ដូណាល់ ត្រាំ ចោទរុស្ស៊ីលួចផែនការផលិតមីស៊ីល “Super-Duper” ពីសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ អតីតប្រធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រុស្សីបានវាយលុកផ្នែកបច្ចេកវិទ្យា បន្ទាប់ពីបានលួចផែនការផលិតមីស៊ីល “Super-Duper” ពីសហរដ្ឋអាមេរិក ក្នុងអំឡុងលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ។

ក្នុងអំឡុងពិធីជួបជុំឃោសនាបោះឆ្នោតនៅរដ្ឋ New Hampshire ក្នុងថ្ងៃចន្ទសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារ និងវាយលុកជាយុទ្ធសាស្ត្ររបស់អាមេរិក ប្រសិនបើគាត់ត្រលប់ទៅកាន់អំណាចនៅសេតវិមានវិញនាឆ្នាំក្រោយ។ លោក ត្រាំ បាននិយាយថា អ្នកដឹងទេ? រុស្ស៊ីបានលួចផែនការផលិតមីស៊ីល “Super-Duper”… ពួកគេយកវាទៅយ៉ាងលឿន។

ពួកគេបានលួចផែនការនេះ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក អូបាម៉ា ហើយបានសាងសង់វា។ បន្ថែមលើនេះ លោក ត្រាំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ខ្ញុំ… យើងនឹងការពារប្រជាជនរបស់យើងម្តងទៀត ជាមួយនឹងប្រព័ន្ធការពារកាំជ្រួចរបស់យើង ដែលមានសមត្ថភាពអាចបំផ្ទុះចិន រុស្ស៊ី និងមីស៊ីលអ៊ីរ៉ង់ ពីលើមេឃ។
ហើយយើងនឹងផលិតបន្ថែមនូវអាវុធវាយលុកដែលប្រទេសទីពីរមិនអាចធ្វើបាន។
នៅពេលត្រូវបានសាកសួរជុំវិញការអត្ថាធិប្បាយខាងលើ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីមានសមត្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបដោយខ្លួនឯង ហើយគ្មានប្រទេសណាមួយអាចចម្លងបានឡើយ។ ដូច្នេះរុស្ស៊ីមិនចាំបាច់លួចអាថ៌កំបាំងណាមួយនៃអាវុធ “Super-Duper” ពីសហរដ្ឋអាមេរិកនោះទេ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា