សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បណ្តាប្រទេសជាច្រើនបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បណ្តាប្រទេសជាច្រើនបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព។ គ្រប់ប្រទេសទាំងអស់ គេស្គាល់នៅតម្លៃនៃការអនុវត្តនៅលទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ ហើយនឹងធ្វើឲ្យប្រជាជនមានសេចក្តីសុខ គ្មានប្រទេសណាមួយសប្បាយរីករាយនៅពេលដែលខ្លួនអសន្តិសុខ ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមានប្រទេសអ្នកក្រ។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា សម្តេចបានជួបជាមួយបណ្តាប្រទេសជាច្រើន គឺថ្នាក់ដឹកនាំគេក៏ដូចជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក៏គេបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសកម្ពុជាដោយមានស្ថេរភាព សន្តិភាព។ គ្រប់ប្រទេសទាំងអស់គេស្គាល់ណាស់នៅតម្លៃនៃការអនុវត្តនៅលទ្ធុប្រជាធិបតេយ្យផ្អែកលើច្បាប់ ហើយនឹងធ្វើឲ្យប្រជាជនមានសេចក្តីសុខ គ្មានប្រទេសណាមួយសប្បាយរីករាយនៅពេលដែលខ្លួនអសន្តិសុខ ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមានប្រទេសអ្នកក្រ។ នៅអារ៉ាប់ នៅអ៊ីស្រាអែល ជាប្រទេសអ្នកមានតែឥឡូវវ៉ៃគ្នារាល់ថ្ងៃមិនបានសុខ។ ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន វ៉ៃគ្នាសុទ្ធ តែជាប្រទេសអ្នកមានមិនបានសេចក្តីសុខទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេល៤៤ឆ្នាំ នៃការដឹកនាំប្រទេស និងបន្តទៅមុខទៀត ដោយសារមានមូលដ្ឋាននៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាង ៨លាន ២សែននាក់ ស្មើ ៨៤,៥៩% បានអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជឿទុកចិត្តទៅលើការបោះឆ្នោតថា មានតែការបោះឆ្នោត តាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយដែលមានសុវត្ថិភាព ស្ថេរភាពដើម្បីរើសមេដឹកនាំ មិនមែនតាមការអំពាវនាវដុតប្រទេស បាតុកម្ម ធ្វើរដ្ឋប្រហារនោះទេ ប៉ុន្តែមានការតែការបោះឆ្នោត៥ឆ្នាំម្តងតាមរដ្ឋធម្មនុញ្ញ ដើម្បីសម្តែងមតិនូវសិទ្ធិសេរីភាពរបស់ខ្លួនជាប្រជាពលរដ្ឋដើម្បីផ្តល់ឱកាសជ្រើសរើសអ្នកដែលខ្លួនទុកចិត្តឲ្យដឹកនាំប្រទេសនេះ គឺជាការពិត។ សម្តេចធិបតីបានបន្តថា ប្រជាពលរដ្ឋ៦លាន៤សែននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានបញ្ជាក់ថា ប្រជាពលរដ្ឋទុកចិត្តនិងសប្បាយចិត្តចំពោះគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសបម្រើពួកគាត់។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋមានការកក់ក្តៅនិងបន្តផ្តល់ឱកាសបន្តទៅទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner