អ្នកវិភាគ៖ ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្ស២៧ផ្សេងទៀត គឺរឹងមាំ

ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ និងជាអ្នកវិភាគ បានលើកឡើងថា សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត គឺ រឹងមាំ និងមិនមានការបែកបាក់ទេនោះទេ។ ការចងសម្ព័ន្ធនេះ គឺជារឿងល្អ និងមានការគាំទ្រពីប្រជាពលរដ្ឋ ដែលចង់ឃើញការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ,គណបក្សនយោបាយគណបក្សនយោបាយ ដើម្បីឱ្យក្លាយទៅជាតួអង្គនៅក្នុងការផ្សះផ្សា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិឱ្យមានសន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ។ រីឯការចងសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងចំនួនបួនបក្ស នឹងមិនមានភាពយូរអង្វែងនោះទេ ដោយសារតែមិនមានភាពស្មោះត្រង់ជាមួយគ្នា ស្វែងរកផលប្រយោជន៍ ក៏ដូចជាបង្កើតឱ្យមានទំនាស់ផ្ទៃក្នុង និងរុញច្រានរហូតទៅដល់ការបែកសម្ព័ន្ធភាព ឬក៏ចែកផ្លូវគ្នាមិនអាចធ្វើការជាមួយគ្នាបាន។

លោកបណ្ឌិត សេក សុជាតិ បានថ្លែងថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយដែលកាន់របៀបដឹកនាំតាមបែបប្រជាធិបតេយ្យ សេរី ហើយក៏ស្របជាមួយនឹងចលនានៃគណបក្សនយោបាយផ្សេងៗនៅក្រៅប្រទេស។ ជាពិសេសប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ គណបក្សនយោបាយដែលមានផ្នត់គំនិត ឬក៏មានចក្ខុវិស័យប្រហាក់ប្រហែលគ្នា គឺតែងតែរត់រកគ្នា ហើយធ្វើការចងសម្ព័ន្ធភាពដើម្បីពង្រឹងនូវកិច្ចសសហប្រតិបត្តិការ,ដើម្បីស្វែងរកមធ្យោបាយប្រកួតប្រជែងក៏ដូចជាដើម្បីដឹកនាំប្រទេស ក៏ដូចជាជួយដោះស្រាយបញ្ហានៅក្នុងសង្គម ក៏ដូចជាបញ្ហាផ្សេងៗ ដែលជាទុក្ខកង្វល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ លោកបណ្ឌិតបានបន្តថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ គឺជារឿងល្អ និងមានការគាំទ្រពីប្រជាពលរដ្ឋដែលចង់ឃើញការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ។ គណបក្សនយោបាយគណបក្សនយោបាយ ដើម្បីឱ្យក្លាយទៅជាតួអង្គនៅក្នុងការផ្សះផ្សា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងប្រទេសជាតិឱ្យមានសន្តិភាព និងមានការអភិវឌ្ឍពិតប្រាកដ។

លោកបន្ថែមថា ការធ្វើសម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំង២៧ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺជាការល្អ ពីព្រោះគណបក្សនយោបាយទាំង២៧ ពិតជាមានចេតនាច្បាស់លាស់នៅក្នុងការចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ហើយក៏បានធ្វើលិខិតស្នើសុំទៅគណបក្សកាន់អំណាច។ ដូច្នេះបង្ហាញថា គណបក្សនយោបាយទាំង២៧នេះ បានស្ម័គ្រចិត្តនឹងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏បានបង្ហាញឱ្យឃើញថា គណបក្សកាន់អំណាច មានឥទ្ធិពល និងមានសក្តានុពលដ៏ធំដែលអាចធ្វើឱ្យមេដឹកនាំនៃគណបក្សនយោបាយផ្សេងៗទៀតមានទំនុកចិត្តហើយស្ម័គ្រចិត្តចូលរួមនិងចងសម្ព័ន្ធភាពជាមួយ។

អ្នកវិភាគដដែលបានបញ្ជាក់ថា “សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នឹងមិនមានការបែកបាក់ទេ ដោយសារតែយើងបានមើលឃើញថា គណបក្សទាំង២៧ ដែលបានដាក់ពាក្យស្នើសុំចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺជាការស្ម័គ្ររបស់ពួកគាត់នីមួយៗ នឹងមិនមានចេតនាធ្វើឱ្យសម្ព័ន្ធភាពនេះបែកបាក់ទេ”។

ទាក់ទងការចងសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងវិញ អ្នកវិភាគរូបនេះបានអះអាងថា “ជាទូទៅយើងឃើញហើយការចងសម្ព័ន្ធភាពរបស់អ្នកប្រជាធិបតេយ្យ ឬក៏គណបក្សក្រៅរដ្ឋាភិបាលងាយនឹងមានភាពរង្គោះរង្គើ រកាំរកូស ហើយនឹងរំលាយសម្ព័ន្ធភាពនេះខ្លាំងណាស់ ដោយសារតែគណបក្សនយោបាយទាំងអស់ គឺមានមហិច្ឆតានិងគោលដៅរៀងៗខ្លួន។ ការចងសម្ព័ន្ធភាពរបស់ពួកគេ គឺគ្រាន់តែជាជ្រុងមួយនៅក្នុងការស្វែងរកផលប្រយោជន៍ និងបានទទួលនូវប្រជាប្រិយភាព ដែលអាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។នៅពេលដែលពួកគេទទួលបាននៅឥទ្ធិពលមួយជ្រុងពីសម្ព័ន្ធភាពហើយ គឺតែងតែមានភាពមិនស្មោះត្រង់ជាមួយគ្នា ហើយចាប់ផ្តើមស្វែងរកផលប្រយោជន៍ ក៏ដូចជាបង្កើតឱ្យមានបញ្ហាទំនាស់ផ្ទៃក្នុង និងរុញច្រានរហូតទៅដល់ការបែកសម្ព័ន្ធភាព ឬក៏ចែកផ្លូវគ្នាមិនអាចធ្វើការជាមួយគ្នាបាន”។

សម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល មិនមានលក្ខណៈពេញលេញឬក៏មិនមានភាពស្មោះត្រង់ទេ ដោយសារពួកគេមានមេដឹកនាំនៅពីក្រោយដែលជាមូលហេតុនាំឱ្យសម្ព័ន្ធភាពមួយមិនមានភាពរឹងមាំ និងយូរអង្វែង។ សម្ព័ន្ធរបស់ពួកគេ គឺដើម្បីតែកេងយកផលប្រយោជន៍ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ប្រមូលយកផលប្រយោជន៍ទាំងអស់នោះទៅដូរយកលាភសក្ការៈតាមរូបភាពផ្សេងៗ តាមដែលពួកគេអាចធ្វើបាន ហើយចាប់ផ្តើមរំលាយសម្ព័ន្ធភាពដើម្បីរក្សានៅផលប្រយោជន៍នោះធ្វើជារបស់ផ្ទាល់ខ្លួន៕
ដោយ៖ពលជ័យ

ads banner