ប្រទេសចិនបង្កើនកម្រិតភាពជាដៃគូជាមួយប្រទេសកូឡុំប៊ី ទៅជាដៃគូយុទ្ធសាស្ដ្រក្នុងតំបន់

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ សប្តាហ៍នេះ បានសាទរនឹង “ភាពជាដៃគូយុទ្ធសាស្ត្រ” ថ្មី រវាងប្រទេសចិន និងកូឡុំប៊ី ក្នុងកំឡុងពេលលោកទទួលស្វាគមន៍ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro ដែលបានទៅទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងប៉េកាំង នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន។

លោក ស៊ី ជីនពីង ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងរវាងចិន និងកូឡុំប៊ីតែងតែរក្សាបានយ៉ាងប្រសើរនូវសន្ទុះនៃការអភិវឌ្ឍ។ ប្រទេសចិនមានឆន្ទៈខ្ពស់ក្នុងការសហការទ្វេភាគីជាមួយកូឡុំប៊ី ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍ និងសន្ដិភាពពិភពលោក។

ទន្ទឹមនឹងនេះ គេរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំនៃប្រជាជាតិអាមេរិកខាងត្បូង រូបនេះ នឹងបង្កើនការនាំចេញទំនិញរបស់ប្រទេសកូឡុំប៊ី ទៅកាន់ប្រទេសចិនផងដែរ៕

គួរបញ្ជាក់ថា ប្រទេសកូឡុំប៊ីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន។ ក្នុងកំឡុងពេលវិបត្តិកូវីដ ប្រទេសចិនជាប្រទេសដំបូងបង្អស់ដែលបានបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសកូឡុំប៊ី។ ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ បរិមាណនៃការនាំចូលរបស់ចិនពីប្រទេសកូឡុំប៊ីកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានធ្វើឱ្យប្រទេសកូឡុំប៊ីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទីពីរក្នុងតំបន់អាមេរិកខាងត្បូង បន្ទាប់ពីសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២២ ការនាំចេញពីកូឡុំប៊ីទៅកាន់ប្រទេសចិនមានចំនួនទឹកប្រាក់សរុប ៧ពាន់លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងរយៈពេលកាលពីប្រាំឆ្នាំមុន។

ប្រភព៖ AFP ប្រែសម្រួលដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner