សំណើកញ្ចប់ថវិកាជំនួយចំនួនជាង ១០០ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល-អ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចនឹងត្រូវបានបដិសេធ

វ៉ាស៊ីងតោន ឌីស៊ី៖ សំណើថវិកាជំនួនសន្តិសុខជាតិចំនួនប្រមាណ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរួមមានជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល អាចនឹងត្រូវបានបដិសេធដោយសមាជិកព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នាថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះ។

គម្រោងចំណាយនេះត្រូវបានដាក់ស្នើដោយរដ្ឋបាលលោក បៃដិន កាលពីសប្តាហ៍មុន ដោយក្នុងនោះមានសំណើយល់ព្រមទៅលើការផ្ដល់ថវិកាជំនួយបន្ថែមចំនួន ៦១,៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងចំនួន ១៤,៣ពាន់លានដុល្លារជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។

ទន្ទឹមនឹងនេះ លោកក៏បានស្នើថវិកាចំនួន ៩,២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល តំបន់ហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងថវិកាចំនួន ៧,៤ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ខណៈថវិកាសម្រាប់ការពារសន្ដិសុខតាមព្រំដែនគឺចំនួន ១៣,៦ ពាន់លានដុល្លារ។

យ៉ាងណាមិញ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនមិនប្រាកដចិត្តថាតើជំនួយទៅប្រទេសអ៊ីស្រាអែលជាមួយនឹងជំនួយបន្តសម្រាប់អ៊ុយក្រែនមានអ្វីពាក់ព័ន្ធនឹងគ្នានោះទេ។ សមាជិកសភាអភិរក្សនិយមចាប់ផ្ដើមប្រឆាំងកាន់តែខ្លាំងឡើងចំពោះការបញ្ជូនជំនួយគាំទ្របន្ថែមទៀតទៅកាន់ទីក្រុងគៀវ។

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានអនុម័តជំនួយយ៉ាងហោចណាស់ ១១៣ពាន់លានដុល្លារដល់អ៊ុយក្រែន។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យអធិការកិច្ចនៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ សមាជិកសភានៃគណបក្សសាធារណរដ្ឋ ប្រឆាំងកាន់តែខ្លាំងឡើងចំពោះការអនុម័តជំនួយបន្ថែមទៀត។ កាលពីខែមុន សមាជិកសភាទាំងនោះក៏បានគំរាមបិទរដ្ឋាភិបាល ជុំវិញការដាក់បញ្ចូលការផ្ដល់ជំនួយអ៊ុយក្រែននៅក្នុងគម្រោងចំណាយរបស់រដ្ឋាភិបាល៕

ប្រភព៖ RT ប្រែសម្រួលដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner