លោក ស្រេតថា រិះគន់និយោជកនៅអ៊ីស្រាអែលថា ល្បួងពលករថៃ ឱ្យស្នាក់នៅ ដោយផ្តល់ប្រាក់បន្ថែម

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា លោកបានប្តឹងទៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល អំពីបញ្ហានិយោជក ក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងនឹងការផ្តល់ប្រាក់បន្ថែមដល់ពលករថៃ ដើម្បីល្បួងពួកគេ ឱ្យស្នាក់នៅ ទីនោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ស្រេតថា បាននិយាយថា លោកបានទូរស័ព្ទ ទៅឯកអគ្គរដ្ឋទូត លោកស្រី Orna Sagiv កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់លោក ចំពោះរឿងនេះ។

លោក នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យពលករថៃទាំងអស់ ចាកចេញពីប្រទេសអ៊ីស្រាអែល ប៉ុន្តែ មនុស្សជាច្រើនបានជ្រើសរើសបន្តការស្នាក់នៅ ដោយប្រថុយប្រថាន ដើម្បីប្រាក់បៀវត្សរ៍ខ្ពស់។

មានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា «ខ្ញុំបានបញ្ចេញការមិនពេញចិត្តរបស់ខ្ញុំ ..ពួកគេមិនគួរប្រើលុយ ដើម្បីល្បួងពលករថៃទេ។ វាមិនត្រឹមត្រូវទេ សម្រាប់ពួកគេ ដែលធ្វើដូច្នេះ»។

គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន ជនជាតិថៃដែលបានស្លាប់នៅអ៊ីស្រាអែល កើនដល់ ៣០នាក់ហើយ។ ជនជាតិថៃប្រមាណ ៨,០០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល បានស្នើសុំត្រឡប់ទៅផ្ទះវិញ ដោយក្នុងនោះ មាន ២,១០០នាក់បានធ្វើមាតុភូមិនិវត្តន៍រួចហើយ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner