ក្នុងត្រីមាសទី៣ឆ្នាំនេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបជាងមួយលានដុល្លារ
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាងមួយលានដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួនជិត ៩០ម៉ឺនដុល្លារ និងថវិកាចំនួនជាង ៤០ម៉ឺនដុល្លារទៀត ទទួលបានពីការបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។
មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសនៅថ្ងៃទី២៥ ខែតុលាថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគពីសប្បុរសជនសរុបប្រមាណ ១,៣៣៤,៩១០ដុល្លារ ក្នុងនោះពីមូលនិធិគន្ធបុប្ផាកម្ពុជាបានចំនួន ៨៩៨,៤១០ដុល្លារ និង ៥,២៦០, ៥៩៣,០០០រៀល និងថវិកាចំនួន ៤៣៦,៥០០ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។

ប្រភពដដែលបានឱ្យដឹងទៀតថា ដោយឡែកសម្រាប់ខែកញ្ញាឆ្នាំ២០២៣នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២២១,១៥៤,១០០រៀល និង ៥៥,៥៥៧ដុល្លារ ពីសប្បុរសជន ៩,៤៣៥ រូប ដែលរួមមានសមាជិកគាំទ្រ ៧,៩៩៥រូប និងសប្បុរសជនផ្សេងៗចំនួន ១,៤៤០រូប។
ទន្ទឹមនេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨,៨៥៦ដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
សេចក្ដីប្រកាសដដែល បានបញ្ជាក់ថា៖ «ជំនួសមុខឱ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា គឺមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា»។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុន-សហគ្រាសឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
លោក គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៦ ខែតុលាថា ចំពោះការកៀរគរថវិកាបរិច្ចាគពីសប្បុរសជននេះ គឺត្រូវធ្វើជាប្រចាំដើម្បីគាំទ្រទៅដល់មន្ទីរពេទ្យ ពីព្រោះមន្ទីរពេទ្យ ត្រូវការថវិកាច្រើនដើម្បីចំណាយក្នុងការជួយសង្គ្រោះ និងព្យាបាលទារក និងកុមារ ខណៈដែលជាមធ្យមក្នុងមួយឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានប្រើប្រាស់ថវិកាប្រមាណជិត ៤០លានដុល្លារ។ លោកបន្តថា បើគិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណជាង ៣០លានដុល្លារហើយ។

លោកថ្លែងថា៖ «យើងសូមអរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តដែលមានការគាំទ្រមកមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាការគាំទ្របរិច្ចាគមកមូលនិធិគន្ធបុប្ផាកម្ពុជាយើងហ្នឹង។ ហើយថវិកាដែលចូលរួមទាំងអស់ សុទ្ធតែរួមចំណែក និងមានប្រយោជន៍ជួយសង្គ្រោះទារក និងកុមារកម្ពុជាយើងដោយឥតគិតថ្លៃ»។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារចំនួន ៩៣,៩៥៤នាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ប្រមាណ ១៧,៩១៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕ ដោយ៖ ជា សុខនី