សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ សារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃទិវាបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ។
នៅក្នុងបណ្ដាញសង្គមតេលេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីជាសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ ។
សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៣) ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លំអោនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិ តលើត្បូងជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលខ្លាំងក្លា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្ត្រជានិរន្តន៍ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុត ៕

