ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី ១៣ ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន»

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺនឹងត្រូវបានប្រកាសជាខេត្តអស់មីនទី១៣នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ក្នុងឱកាសសម្ពោធអគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានឱ្យដឹងនៅថ្ងៃទី២៩ ខែតុលា​ថា ក្នុងនាមក្រុមប្រឹក្សា និ​ងគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត ពិតជាមានមោទ​ន​ភាពជា​មួ​យនឹងអ្វីដែលកើតឡើងក្នុងខេត្តនេះ ពោលគឺជាខេត្តអស់មីនក្នុងឆ្នាំ ២០២៣ ។សមិទ្ធផលនេះសម្រេចបាន​ ​ក្រោមនយោបាយប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរំដោះប្រទេសជាតិចេញពីសម័យកាលដ៏លំបាកដៃម្ខាងការពារ និងដៃម្ខាងកសាង ហើយបានប្រែក្លាយខេត្តជាច្រើនអស់មីន ក្នុងនោះក៏មានខេត្តកំពង់ស្ពឺ ដែលធ្លា​ប់តែសម្បូរទៅដោយចម្ការមីន»។

ឯកឧត្តមបានឱ្យដឹងទៀត​ថា ក្នុងខេត្តកំពង់ស្ពឺមានចម្ការមីនរហូតដល់ទៅ ៦៤០ ចម្ការមីន និងមានផ្ទៃដីរហូ​តទៅដល់ ៧៨គីឡូម៉ែត្រការ៉េ ។

សូមជម្រាបថា រាជធានី ខេត្ត ដែលប្រកាសអស់មីនចំនួន១២រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត។

បើតាម​អាជ្ញាធរ​មីន សកម្ម​ភាព​រំ​ដោះមីន​រយៈពេល ៣០ ​ឆ្នាំ​ចុង​ក្រោយនេះ បាន​ចូលរួមចំណែក​ដល់​កិច្ច​គាំ​ពារ​សន្តិភាព និង​សន្តិសុខ ហើយ​បាន​ចូល​​រួម​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ការអភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​ដី​ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​ទំហំ​ផ្ទៃដី​បោសសម្អាត​រួច​ចំនួន ២ ៥៧៩​ គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​ប្រមាណ​ ៧៦​ ភាគរយ ត្រូវបាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​កសិកម្ម​។

សូមបញ្ជាក់ដែរថា ថ្មី​ៗកន្លងទៅនេះ​​ កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​សកល​លើកទី​៣​ ស្តីពី​កិច្ច​សង្រ្គោះ​ជន​រងគ្រោះ​ថ្នាក់​ដោយ​សារ​មីន​ នៅ​ទីក្រុង​ភ្នំពេញ​ និង​មាន​អ្នក​ចូលរួម​មក​ពី​ ៤៥​ ប្រទេស​​។ នៅ​ឆ្នាំ​២០២៤ខាងមុខនេះដែរ​​ កម្ពុជា​ បាន​និង​កំពុង​ត្រៀម​​រៀប​ចំ​ធ្វើ​ជា​ប្រធាន​ និង​ម្ចាស់ផ្ទះ​​នៃ​សន្និសីទ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ឬ​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ​ ​ស្តី​ពី​ពិភពលោក​ដែល​គ្មាន​មីន​នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​​ ដែល​មាន​ប្រទេស​ប្រមាណ​ ២០០​ ចូលរួម​ផងដែរ៕​

ដោយ៖សុខ រក្សា

ads banner