ប្រមុខការទូតកំពូលចិន៖ ផ្លូវឆ្ពោះទៅរកជំនួបលោក ស៊ី និងលោក បៃដិន មិនរលូនទេ
ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី និយាយថា ផ្លូវឆ្ពោះទៅរកកិច្ចប្រជុំរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង មិនរលូនទេ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បន្ទាប់ពីលោក វ៉ាង បានបញ្ចប់ដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ប្រមុខការទូតកំពូលចិន លោក វ៉ាង យី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ទស្សនិកជននៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងវ៉ាស៊ីនតោនថា ភាគីទាំងពីរ (ចិន-អាមេរិក) សង្ឃឹមថា នឹងធ្វើឱ្យមានស្ថិរភាព ក្នុងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង តាមដែលអាចធ្វើទៅបាន ហើយយល់ព្រមធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ រវាងប្រមុខរដ្ឋទាំងពីរ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
យ៉ាងណាមិញ លោក វ៉ាង បានព្រមានថា ផ្លូវឆ្ពោះទៅរកកិច្ចប្រជុំនៅសាន់ ហ្វ្រាន់ស៊ីស្កូ គឺមិនរលូនទេ ហើយថា ភាគីទាំងពីរត្រូវតែលុបបំបាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង, ជម្នះឧបសគ្គ និងពង្រឹងការឯកភាពគ្នាសិន។
សូមរម្លឹកថា លោក បៃដិន បានអញ្ជើញលោក ស៊ី មកកាន់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APEC) ចំពេលទំនាក់ទំនងប្រទេសមហាអំណាចពិភពលោកទាំងពីរមានភាពតានតឹង។
ទោះបីជាយ៉ាងណា លោក ស៊ី មិនទាន់បញ្ជាក់ថាតើលោកនឹងទៅសហរដ្ឋអាមេរិកដែរឬអត់ទេ។ លោក បៃដិន និងលោក ស៊ី មិនបានទាក់ទងគ្នាទេ ចាប់តាំងពីកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

