រយៈពេល៩ ខែឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកជិត ៦០០ បានសុំ អន្តរាគមមក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡា ហោម ស ខេង
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៣។
ក្នុងរយៈពេល ៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការ ដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពរ របស់បងប្អូនប្រជា ពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុក សម្តេចក្រឡា ហោម ស ខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ច ក្រសួង មហាផ្ទៃបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុង ដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៥៩៦គណនី។
ក្រុមការងារបានទទួលបានការដោះស្រាយ និងបានឆ្លើយតប ទៅម្ចាស់ គណនីចំនួន ២០៤គណនី និង ២៥៦គណនីទៀតកំពុង ស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ច ក្រសួង មហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័ន មានសមត្ថកិច្ច ពាក់ព័ន្ធ។
ដោយឡែកក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក៏បានបញ្ជាក់ ជូនផងដែ រ អំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២កន្លងទៅនេះដែលមានចំនួន ៣៥៤គណនី គឺបានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន ១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមាន ចំនួន ២៣១គណនី។
វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំ ប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិត ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ។
ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយ បញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួល ជីវភាព រស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យ ពីបងប្អូន ជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគី ពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារ តែករណីខ្លះមានភាពស្មុគស្មាញត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ៕
ដោយ-រ៉ាវុធ

