នាយករដ្ឋមន្រ្តីអ៊ីស្រាអែលច្រានចោលបទឈប់បាញ់ និងថា ការធ្វើបែបនេះ ស្មើសុំចុះចាញ់ក្រុមហាម៉ាស

ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្លែងថា បទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស នឹងមិនកើតឡើងទេ ខណៈអង្គការសហប្រជាជាតិព្រមានថា មិនមានជំនួយគ្រប់គ្រាន់ចូលទៅបំពេញតម្រូវការមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមកនោះទេ។

នៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មានបរទេស នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ និយាយថា ការបង្កើតបទឈប់បាញ់ មានន័យស្មើនឹងការចុះចាញ់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៣០នាក់នៅក្នុងទឹកដីអ៊ីស្រាអែល។

លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការទទូចឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស… ចុះចាញ់នឹងអំពើភេរវកម្ម ដូច្នេះវានឹងមិនកើតឡើងទេ ដោយលោកប្តេជ្ញាថា អ៊ីស្រាអែលនឹងប្រយុទ្ធរហូតដល់ឈ្នះសមរភូមិនេះ។ សម្ព័ន្ធមិត្តអ៊ីស្រាអែល គឺសហរដ្ឋអាមេរិកក៏ជំទាស់នឹងការបង្កើតបទឈប់បាញ់ផងដែរ។

សូមបញ្ជាក់ថា កងកម្លាំងជើងគោកអ៊ីស្រាអែលកំពុងវាយប្រយុទ្ធគ្នានៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយការវាយប្រហារតាមអាកាសបានវាយលុកលើដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

ប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងបានបង្កើនការបារម្ភសម្រាប់ប្រជាជន ២,៤លាននាក់នៅតំបន់ហ្គាហ្សា ជាទីដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា មនុស្សជាង ៨.៣០០នាក់ត្រូវបានសម្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner