គុណភាពខ្យល់កាន់តែអាក្រក់ទៅនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា

ញូវដែលី៖ កាលពីថ្ងៃទី៣០ ខែតុលា គុណភាពខ្យល់នៅក្នុងរដ្ឋធានី ញូវដេលីរបស់ប្រទេសឥណ្ឌាកាន់តែអាក្រក់ឡើង ដោយឈានដល់កម្រិតកខ្វក់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ។កម្រិតខ្យល់មិនល្អនេះបានកើនឡើងដោយសារតែខ្យល់រដូវត្រជាក់ចុះខ្សោយ និងការដុតបំផ្លាញសំណល់ដំណាំក្នុងរដ្ឋនៅក្បែរនោះ បង្កឱ្យកើតមានបញ្ហាគុណភាពខ្យល់មិនល្អជារៀងរាល់ឆ្នាំ ។

ទីក្រុងញូវដេលីគឺជាទីក្រុងធំមួយដែលទទួលរងនូវខ្យល់ពុលខ្លាំងជាងគេបំផុតនៅលើពិភពលោក ។ការណ៍នេះបានបណ្ដាលឱ្យអាយុកាលជាមធ្យមបានធ្លាក់ចុះរហូតដល់ទៅលើសពី១០ ឆ្នាំ ។នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (Chicago)ដែលបានចេញផ្សាយកាលពីខែសីហា។

របាយការណ៍នោះក៏បានកត់សម្គាល់ថា កម្រិតគុណភាពខ្យល់អាក្រក់របស់ប្រទេសឥណ្ឌាបានកើនឡើងចំនួន ៥៩ ភាគរយរាប់ចាប់តាំងពីឆ្នាំ២០១៣។

មន្ត្រីជាន់ខ្ពស់ឥណ្ឌាមកពីក្រសួងវិទ្យាសាស្ត្រផែនដីទទួលបន្ទុកប្រព័ន្ធនៃគុណភាពខ្យល់ និងការព្យាករណ៍អាកាសធាតុ និងការស្រាវជ្រាវ (SAFAR) បានលើកឡើងថា «ទីក្រុងញូវដេលីបច្ចុប្បន្នកំពុងជួបប្រទះកម្រិតខ្យល់ពុលដ៏អាក្រក់បំផុតក្នុងរដូវកាលនេះ។ វានឹងមិនអាចមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនោះទេ»។

គួរដឹងដែរថា រដ្ឋាភិបាលក្រុងញូវដេលីបានចាប់ផ្តើមយុទ្ធនាការប្រឆាំងធូលី ដើម្បីគ្រប់គ្រងការបំពុល ដោយពួកគេបានរឹតបន្តឹងការងារសំណង់ និងដាក់ពង្រាយម៉ាស៊ីនបាញ់ទឹក ដើម្បីកាត់បន្ថយធូលីក្នុងខ្យល់។

នៅក្នុងទីក្រុងដែលមានប្រជាជន ២០ លាននាក់នេះ ជាកន្លែងដែលភាគច្រើន មនុស្សមិនប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ ឬពាក់ម៉ាស់នោះទេ។ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានកើនឡើងដល់ ៣៤៦ លើមាត្រដ្ឋាន ៥០០។ តួលេខនេះបង្ហាញថា លក្ខខណ្ឌបំពុលមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ដូចដែលបានរាយការណ៍ដោយក្រសួងប្រព័ន្ធគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ និងការស្រាវជ្រាវ។

ជាទូទៅ ប្រសិនបើតួលេខនៃសន្ទស្សន៍គុណភាពខ្យល់លើសពី ៦០ទៅ គឺត្រូវបានគេចាត់ទុកថាជាគុណភាពខ្យល់ដែលមិនល្អនោះទេសម្រាប់សុខភាព។ នៅក្នុងតំបន់មួយចំនួននៃទីក្រុងញូដេលី សន្ទស្សន៍គុណភាពខ្យល់បានកើនឡើងលើសពី ៤០០ ទៀតផង ដែលនេះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ សន្ទស្សន៍វាស់ស្ទង់កម្រិតនៃភាគល្អិតតូចៗនៅក្នុងខ្យល់ បានបង្ហាញថា គុណភាពខ្យល់អាក្រក់នឹងបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង និងមហារីក។

មន្ត្រីទទួលបន្ទុកប្រព័ន្ធគុណភាពខ្យល់ និងការព្យាករណ៍អាកាសធាតុ និងការស្រាវជ្រាវ បានពន្យល់ថា បើទោះបីជាចំនួននៃការដុតបំផ្លាញដំណាំនៅរដ្ឋជិតខាងតិចជាងឆ្នាំមុនក៏ដោយ ការបំពុលគុណភាពខ្យល់នៅក្នុងរដ្ឋធានីនៅតែកើនឡើង។ លើសពីនេះទៀត ការថយចុះនៃកម្លាំងខ្យល់បក់ ក៏ជាកត្តាដែលធ្វើឱ្យបញ្ហាខ្យល់ពុលកើនឡើងកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា រដ្ឋធានីញូវដេលីមានរថយន្តជាង ១០ លានគ្រឿងច្រើនជាងទីក្រុងផ្សេងៗទៀតរបស់ប្រទេសឥណ្ឌា ហើយនេះធ្វើឱ្យបញ្ហាផ្សែងហុយកាន់តែអាក្រក់ទៅៗ។ ពលរដ្ឋម្នាក់ឈ្មោះថា អូម ប្រាកាស ស៊ីង (Om Prakash Singh) បានរៀបរាប់ថា «ខ្ញុំពិបាកដកដង្ហើមណាស់។ ពេលដកដង្ហើម ខ្ញុំមានអារម្មណ៍ថាមានអ្វីជាប់ក្នុងបំពង់ក»៕ ប្រែសម្រួល៖ ធា សុណា

ads banner