ទូតឥណ្ឌា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា
ភ្នំពេញ៖ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ស្ថានទូតឥណ្ឌាសន្យានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា សំដៅជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។
ការសន្យារបស់ឯកអគ្គរដ្ឋទូតឥណ្ឌាបែបនេះបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងសុខាភិបាល កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា នាឱកាសនោះ លោកជំទាវ Devyani Uttam Khobragade បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ក្នុងនាមស្ថានទូត សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាលជាដើម។
ជាការឆ្លើយតបឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់ជាដើម។
ឯកឧត្តមបញ្ជាក់ថា៖« អរគុណស្ថានទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ»។
ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសាទរចំពោះចំណងមិត្តភាពលើវិស័យសុខាភិបាលរវាងកម្ពុជា-ឥណ្ឌា ខណៈការបន្តគាំទ្ររបស់ភាគីឥណ្ឌា គឺជារឿងសំខាន់ជួយជំរុញវិស័យសុខាភិបាលកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមជាមួយអន្តរជាតិ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីខែមេសាឆ្នាំ២០២២ ។ ប្រទេសឥណ្ឌា បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៣២៥, ០០០ ដូស ក្រោមគំនិតផ្តួចផ្តើម Quad Vaccine តបតាមសំណើរបស់ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបខាងលើ ក្រសួងសុខាភិបាល ក៏បានប្រកាសបន្តស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការវិនិយោគនានា ដែលមានគុណភាព ស្របតាមតម្រូវការសុខភាពនៅកម្ពុជាផងដែរ៕
ដោយ៖បូរ ពេជ្រហ្សាលីន

