ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យ នស/រកត១០២៣/២៣១២ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរអក្សរកាត់ ថា គ.ក.ស ត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួល ការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
សមាសភាពនិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ គ.ក.ស មានរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ជាប្រធានដឹកនាំ រួមជាមួយ សមាសភាព ជាថ្នាក់ដឹកនាំផ្សេងៗទៀត នៃក្រសួង ស្ថាប័នពាក់ ព័ន្ធផ្សេងទៀតចូលរួម។
គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបែងចែក អនុគណៈ កម្មាធិការចំនួន៤ ដើម្បីជួយបំពេញការងារ រួមមាន៖ (១). អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈនិងនវានុវត្តន៍ (២). អនុគណៈកម្មាធិការឧត្ដមភាពសេវាសាធារណៈ (៣). អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស (៤). អនុគណៈកម្មាធិការសមត្ថភាពមន្ត្រី៕
ដោយ ៖ វណ្ណលុក








