មនុស្សរាប់សែននាក់នៅក្នុងសហភាពអឺរ៉ុប នាំគ្នាដើរក្បួនដង្ហែតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល
ឡុងដ៍៖ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រមូលផ្ដុំគ្នានៅទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
មន្ដ្រីប៉ូលិសបានបញ្ជាក់ថា មានមនុស្សប្រមាណ ៣០,០០០នាក់ ចូលរួមក្នុងក្បួនតវ៉ាប្រឆាំងនៅ Trafalgar Square ត្រង់ចំណុចកណ្ដាលនៃទីក្រុងឡុងដ៍ ខណៈដែលមនុស្សប្រមាណ ១៩,០០០នាក់ទៀតបានធ្វើការប្រឆាំងតវ៉ាដូចគ្នានេះនៅទីក្រុងប៉ារីស។ ក្រុមអ្នកតវ៉ាទាំងនោះបានលើកបដា ដែលមានសរសេរថា “ដោះលែងប្រជាជនប៉ាឡេស្ទីនឱ្យមានសេរីភាព”។

អ្នកស្រី Sama Dababneh ក្នុងវ័យ ២៦ឆ្នាំ ដែលជាប្រជាជនម្នាក់ដែលបានចូលរួមក្នុងការប្រឆាំងតវ៉ានេះ បានលើកឡើងថា អ្នកស្រីហត់នឿយ និងអាណិតអាសូរយ៉ាងខ្លាំងចំពោះសោកនាដកម្មដែលកើតលើប្រជាជនប៉ាឡេស្ទីនក្នុងពេលបច្ចុប្បន្ន។ បទឈប់បាញ់គួរតែមានកាន់តែឆាប់ កាន់តែល្អ។
គួរបញ្ជាក់ថា ចាប់តាំងពីមានការវាយប្រហារយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន ក្រុមអ្នកតវ៉ាកាន់តែច្រើននាក់បានដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវ ក្នុងរយៈពេល ៤សប្ដាហ៍មកនេះ។ អ៊ីស្រាអែលនៅតែបន្ដវាយប្រហារលើតំបន់ហ្កាហ្សា និងច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ពីបណ្ដាប្រទេសនានា៕
ប្រភព៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
