ទស្សនាវដ្ដី Newsweek៖ គ្រាប់បែកប្រភេទថ្មីរបស់អាមេរិក អាចសម្លាប់មនុស្ស ៣០ម៉ឺននាក់ នៅមូស្គូ

មូស្គូ៖ សហរដ្ឋអាមេរិកគ្រោងនឹងបង្កើតគ្រាប់បែកនុយក្លេអ៊ែរថ្មី ដែលមានឥទ្ធិពលយ៉ាងធំសម្បើម និងអាចសម្លាប់មនុស្សបាន ៣០០,០០០នាក់នៃប្រជាជនសរុប ១៣លាននាក់ដែលរស់នៅក្នុងទីក្រុងមូស្គូ យោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដី Newsweek។

មន្ទីរបញ្ចកោណ ប្រកាសកាលពីចុងខែតុលាថា ខ្លួនកំពុងស្នើសិទ្ធិអនុញ្ញាតពីសភា ក្នុងការបង្កើតទម្រង់គ្រាប់បែកនុយក្លេអ៊ែរ B61 ថ្មី ដែលមានឥទ្ធិពលខ្លាំងជាងគ្រាប់បរិមាណូដែលទម្លាក់លើទីក្រុង Hiroshima ក្នុងសង្គ្រាមលោកលើកទី២ ដល់ទៅ២៤ដង។

ទស្សនាវដ្ដី Newsweek បានបន្តថា ប្រសិនបើគ្រាប់បែកនេះ ត្រូវទម្លាក់នៅទីក្រុងមូស្គូ នោះមនុស្សប្រមាណ ៣១១,៤៨០នាក់អាចស្លាប់ ហើយ ៨៦៨,៨៦០នាក់ទៀតអាចរងរបួស ខណៈដែលមនុស្សប្រមាណ ៣៦០,១៥០នាក់អាចស្លាប់ ប្រសិនបើត្រូវបានទម្លាក់ទៅលើទីក្រុង St. Petersburg ដែលជាទីក្រុងធំលំដាប់ទី២ របស់រុស្ស៊ី។ អគារដែលស្ថិតនៅក្នុងបរិវេណ ១ម៉ាលជុំវិញ នឹងត្រូវបានកម្ទេចក្លាយជាផេះផង់ផងដែរ។

រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាគម្រោងនេះ បានប្រាសចាកទៅនឹងសន្ធិសញ្ញាគ្រប់គ្រងគ្រឿងសព្វាវុធ។ គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ លោក ពូទីន ក៏បានប្រកាសដកខ្លួនពីសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ (CTBT) ផងដែរ៕

ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner