ក្រសួងអប់រំបញ្ជាក់ជាថ្មីករណីរកឃើញបេក្ខជនប្រឡងប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ នឹងធ្លាក់ស្វ័យប្រវត្តិ

នីភ្នំពេញ៖ ក្រសួងអប់រំបានបង្ហាញការឆែកឆេរដ៏តឹងរឹង នៃការ ដំណើរ ការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបដែលបានដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។

បើតាមរយៈទំព័រហ្វេសប៊ុកជាផ្លូវការ របស់ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងនៃដំណើរការសំណេរនៅព្រឹកថ្ងៃទី២នេះដែរ ក្នុង ដំណើរការឆែកឆេរ គេបានរកឃើញ បេក្ខជនបាន លាក់ ទុកនូវ ឯកសាររូបមន្ត រូបវិទ្យា និងគណិតវិទ្យាសម្រាប់ការប្រឡង នាព្រឹកថ្ងៃទី២នេះ ផងដែរ ។

គួរបញ្ជាក់ថា ចំពោះដំណើរការសំណេរ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះគឺ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។

ទាក់ទិនក្នុងរឿងនេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យ ក្រសួង អប់រំយុវជន និង កីឡាបានបញ្ជាក់ ប្រាប់ AMS ឱ្យដឹងនៅ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះថា៖”ការឃើញសំណៅឯកសារ រូបមន្្ត គណិត និង រូបវិទ្យានោះគឺជាការរកឃើញនៅច្រកផ្លូវ ចូលអំឡុង ពេលពិនិត្យឱ្យបេក្ខជនចូលក្នុងមណ្ឌលប្រឡងទេ”។

ជាមួយគ្នានេះ លោក ជំទាវបានបញ្ជាក់ដែរថា” មកដល់ពេលនេះ ពុំមានបេក្ខជនប្រឡងបាក់ឌុបណាម្នាក់យកសំណៅឯកសារចូលមណ្ឌលប្រឡងឬបន្ទប់ការប្រឡងសញ្ញាបត្រ បាក់ឌុបនោះដែរ។

នៅព្រឹកថ្ងៃដដែលនេះដែរក្រសួងអប់រំក៏បានអំពាវនាវ និង បញ្ជាក់ សាជាថ្មីម្តងទៀតដល់បេក្ខជនទាំងអស់ ត្រូវគោរព បទប្បញ្ញត្តិ នៃការ ប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូល ក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថាក្រសួងអប់រំបានឱ្យដឹងថាការប្រឡងបាក់ឌុបត្រូវបានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ “អ្នកចេះជាប់”។

ជាមួយគ្នាក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយតាមមណ្ឌលប្រឡង និងធានា ឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ច សហការ យ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាព សហព័ន្ធយុវជនកម្ពុជា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner