កម្ពុជាមិនទាន់បានមេដាយ ខណៈការប្រកួតកីឡាសិស្សអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី នៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ដល់ថ្ងៃទី២១ កក្កដានេះ ការប្រកួតកីឡាសិស្សអាស៊ាន ASEAN School Games លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី អត្តពលិកកម្ពុជា មិនទាន់អាចដណ្តើមបានមេដាយបាន១គ្រឿងនៅឡើយទេ ខណៈម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដណ្តើមបានមេដាយមាស១៦គ្រឿងហើយ។

ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយសរុប៣៦គ្រឿង ក្នុងនោះមេដាយមាស១៦ ប្រាក់១០ និងសំរឹទ្ធិ១០ តាមពីក្រោយដោយអត្តពលិកថៃ ដណ្ដើមបានមេដាយសរុប ៣៨គ្រឿង មានមេដាយមាស ១២ ប្រាក់១៣ និងសំរឹទ្ធិ១៣ ខណៈម៉ាឡេស៊ី ឈរលេខ៣ មានមេដាយសរុប ២៨គ្រឿង គឺមានមេដាយមាស៨ ប្រាក់១២ និងសំរឹទ្ធិ៨។

ចំពោះ៣ប្រភេទកីឡារបស់កម្ពុជា សុទ្ធតែទទួលលទ្ធផលមិនបានល្អ ដូចជាកីឡាហែលទឹក៖ កីឡាករ អ៊ូង លីហេង ប្រកួតលើវិញ្ញាសា ២០០ម៉ែត្ររបៀបហែលកង្កែបផ្តាច់ព្រ័ត្រ ទទួលបានលេខ៨ និងកីឡាការិនី កាំង មុយនីន ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ហែល ៤របៀបឯកត្តជនផ្តាច់ព្រ័ត្រ ទទួលបានលេខ៧។

ចំណែកកីឡាករអត្តពលកម្ម៖ វិញ្ញាសារត់ ៨០០ម៉ែត្រនារីវគ្គជម្រុះសេរីទី១ កីឡាការិនី កាន់ ស្រីរ័ត្ន ទទួលបានលេខ៥ និងរត់ ៨០០ម៉ែត្រនារីវគ្គជម្រុះសេរ៊ីទី២ កីឡាការិនី គន ដារ៉ែន ទទួលបានលេខ៥។ វិញ្ញា សារត់ល្បឿន ២០០ម៉ែត្រនារីវគ្គជម្រុះ កីឡាការិនី ប៉ែន សីហា ទទួលបានលេខ៧។ វិញ្ញាសារត់ ៣គីឡូ ម៉ែត្រ នារីផ្តាច់ព្រ័ត្រ កីឡាការិនី បូ សំណាង ទទួលបានលេខ៦ និងប្រកួតវិញ្ញាសារត់ ៣គីឡូម៉ែត្របុរស ផ្តាច់ព្រ័ត្រ កីឡាករ ឡែ ពិសិដ្ឋ ទទួលបានលេខ១០ ខណៈកីឡាវាយសី វិញ្ញាសា ឯកត្តជនបុរស-នារី បានចាញ់ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ដោយលទ្ធផល ២-០ ដូចគ្នា។

សូមបញ្ជាក់ថា ការប្រកួតនៅសល់រយៈពេល៣ថ្ងៃទៀត ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី២៥ខែកក្កដា ហើយកម្ពុជាបាន បញ្ជូនអត្តពលិក៥ប្រភេទកីឡាទៅចូលរួម មានកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ វាយសី និងកីឡាវាយកូនបាល់ ដែលមានប្រតិភូអត្តពលិកសរុប៥៦នាក់ ក្នុងនោះកីឡាករ កីឡាការនីមានចំនួន៤៤នាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner