អង្គការ WHO ៖ ជាមធ្យម កុមារ១៦០នាក់ត្រូវបានសម្លាប់ ជារៀងរាល់ថ្ងៃ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស
បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា ជាមធ្យម ក្នុង១ថ្ងៃ មានកុមារ១៦០នាក់បានស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
លោក Christian Lindmeier អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រាប់អំឡុងសន្និសីទសារព័ត៌មាន នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «កម្រិតនៃការស្លាប់កុមារ និងការរងទុក្ខវេទិនា គឺពិបាកយល់ណាស់»។
លោក Christian Lindmeier ក៏បានអំពាវនាវឱ្យមានការអន្តរាគមន៍ជំនួយមនុស្សធម៌ ដោយគ្មានការរារាំង ដើម្បីជួយសម្រាលបន្ទុកដ៏លំបាកនេះ។
ជាមួយគ្នានេះ កុមារី Layan al-Baz ដែលបានយំដោយសារការឈឺរបួស ពេលសម្រាកនៅមន្ទីរពេទ្យ បាននិយាយថា «ខ្ញុំមិនចង់បានជើងក្លែងក្លាយទេ»។ ជើងរបស់ក្មេងស្រីជនជាតិប៉ាឡេស្ទីន អាយុ ១៣ ឆ្នាំរូបនេះ ត្រូវបានកាត់ផ្តាច់ បន្ទាប់ពីនាងបានរងរបួសពីការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើទីក្រុង Khan Yunis ក្នុងតំបន់ Gaza Strip ដែលត្រូវបានឡោមព័ទ្ធ។
ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាស បានផ្តល់ព័ត៌មានចុងក្រោយ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកាថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យមនុស្សស្លាប់ នៅហ្គាហ្សា កើនដល់ ១០៣០០នាក់ហើយ ក្នុងនោះ រួមមានទាំងកុមារ ជាង៤២០០នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

