ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ដល់សាកលវិទ្យាល័យការពារជាតិ ដើម្បីពង្រឹងទៅលើជំនាញព័ត៌មានវិទ្យាយោធា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់កុំព្យូទ័រ ១៥០គ្រឿង តុនិងកៅអីចំនួន ១៥០ឈុត និងរៀបចំបន្ទប់ ICT Lab ចំនួន១បន្ទប់ ជូនសាកលវិទ្យាល័យការពារជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកលវិទ្យាល័យការពារជាតិ ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់និស្សិតនាយទាហានជំនាញព័ត៌មានវិទ្យាយោធា ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កុំព្យូទ័រ ១៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យការពារជាតិ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកម្ពស់ ពង្រឹងសមត្ថភាព កងទ័ព ឱ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាង ពិតប្រាកដ ក្នុងការទទួលខុសត្រូវ បំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញព័ត៌មានវិទ្យាយោធា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល ។

សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ ជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នាំមុខគេលើផ្នែក សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ការសិក្សាវិទ្យាសាស្ត្រសង្គមនិងភាសា វិទ្យាសាស្ត្រពិត និងការអប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាលវិជ្ជាជីវៈអាជីពដែលមានការទទួលស្គាល់កម្រិតថ្នាក់ជាតិ និងអន្តរជាតិ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner