លោក ស្រេតថា ៖ ចំណាប់ខ្មាំងថៃទាំង២៣នាក់មានសុវត្ថិភាព ហើយនឹងត្រូវដោះលែង ក្នុងពេលឆាប់ៗនេះ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាក់ថ្មីៗនេះថា ជនជាតិថៃ ២៣ នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស គឺមានសុវត្ថិភាព ហើយក្រុមការងារចរចា អះអាងថា ចំណាប់ខ្មាំងទាំងនោះ នឹងត្រូវបានដោះលែងវិញ ក្នុងពេលឆាប់ៗនេះ។

លោក Srettha Thavisin បានអះអាងថា លោកទើបបានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទថៃ កាលពីយប់ថ្ងៃអាទិត្យ ហើយមានការជូនដំណឹងថា ចំណាប់ខ្មាំងថៃ ទាំង ២៣នាក់នៅតែមានសុវត្ថិភាព ដោយលោកឧត្តមសេនីយ៍ថា បានឃើញរូបថតរបស់ក្រុមចំណាប់ខ្មាំងទាំងនោះ។

លោក Srettha បានបន្ថែមថា កងយោធពលខេមរភូមិន្ទថៃនៅតែធ្វើការចរចា ជាមួយក្រុមហាម៉ាស តាមរយៈប្រទេសម៉ាឡេស៊ី ដើម្បីដោះលែងឈ្លើយសឹកថៃ ឲ្យមានសេរីភាព។

លោក នាយករដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា ក្រុមអ្នកចរចាកំពុងរង់ចាំបទឈប់បាញ់ មួយ ឬពីរថ្ងៃ ដើម្បីផ្តល់បង្អួចសម្រាប់ចំណាប់ខ្មាំង រំដោះខ្លួន ចេញពីតំបន់ហ្គាហ្សា ស្ទ្រីប។

គួរបញ្ជាក់ថា ក្រៅពីត្រូវបានចាប់ជាឈ្លើយសឹក ពលរដ្ឋថៃ៣៤នាក់បានស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ខណៈដែលពលរដ្ឋថៃរាប់ពាន់នាក់បាននិងកំពុងចាកចេញ ពីអ៊ីស្រាអែល មកកាន់មាតុប្រទេសវិញ តាមរយៈការអន្តរាគមន៍ ពីរដ្ឋាភិបាល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner