ជប៉ុនចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃ

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃទូទាំងប្រទេសដែលមានតម្លៃជាទឹកប្រាក់ ១,៣៣៨ លានយ៉េន ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ។

តាមរយៈគម្រោងនៃជំនួយឥតសំណងនេះ ស្ថានីយ៍វាស់វែងអចិន្ត្រៃចំនួន ៩៤ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយ នឹងត្រូវបានសាងសង់ដើម្បីដាក់អោយដំណើរការជាប្រព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ស្ថានីយ៍ទាំងនេះមានសមត្ថភាពខ្ពស់ក្នុងការចាប់យកទិន្នន័យពីផ្កាយរណប (GNSS) ដែលជំនួយអោយការកំណត់ទីតាំងមានសុក្រិតភាពខ្ពស់ រួមជាមួយការបញ្ជូនពត៌មានទៅកាន់អ្នកប្រើប្រាស់។ ដែលគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេវាកម្មរដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លី និងប្រតិបត្តិការដីធ្លី ក៏ដូចជាការធ្វើឌីជីថលនៅក្នុងវិស័យព័ត៌មានភូមិសាស្ត្រ ។

ក្រោមជំនួយឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃនេះ រួមជាមួយគម្រោងសហប្រតិបត្តិការបច្ចេកទេស នឹងរួមចំណែកដល់ការពង្រីកការប្រើប្រាស់ទិន្នន័យ CORS នៅក្នុងប្រទេសកម្ពុជាបានយ៉ាងទូលំទូលាយ ៕

គួរបញ្ជាក់ថា ក្រៅពីហិរញ្ញប្បទានឥតសំណង ដាច់ដោយឡែកតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស ចៃកាបាននិងកំពុងសហការក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចាប់តាំងពីឆ្នាំ២០២១មក។ ដែលគម្រោងផ្ទាល់បានផ្តោតទៅលើចំណុចសំខាន់ ៗ រួមមាន៖
១) ការបង្កើតស្ថានីយ៍ CORS ចំនួន៥ទីតាំង និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងដំណាក់កាលសាកល្បង។
២) ធ្វើប្រតិបត្តិការ និងតំហែទាំលើប្រព័ន្ធ CORS ។ និង
៣) ការជំរុញ និងលើកកម្ពស់ការប្រើប្រាស់ CORS ក្នុងអន្តរវិស័យ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner