រដ្ឋមន្ដ្រីការពារជាតិ៖ អ៊ីតាលីមិនអាចធ្វើទៅតាមអ្វីដែលអង្គការណាតូទាមទារឡើយ

រ៉ូម៖ រដ្ឋមន្ដ្រីការពារជាតិអ៊ីតាលី លោក Guido Crosetto និយាយថា អ៊ីតាលីគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើនថវិកាចំណាយចំនួន ២%នៃចំណូលក្នុងស្រុកសរុប (GDP) ទៅលើវិស័យយោធា ដូចដែលអង្គការណាតូបានកំណត់នោះទេ ហើយរឹតតែមិនអាចទៀតក្នុងការសម្រេចឱ្យបាននូវគោលដៅក្នុងពេល ៥ឆ្នាំខាងមុខទៀត ដូចដែលបានពិភាក្សា។

រដ្ឋមន្ដ្រីការពារជាតិអ៊ីតាលី ចាត់ទុកការកំណត់គោលដៅចំណាយរបស់អង្គការណាតូនេះជាភាពមិនពិត ហើយមិនអាចទៅរួច។ អ៊ីតាលីអាចសម្រេចបានលុះត្រាតែមានការផ្លាស់ប្ដូរផ្នែកច្បាប់ហិរញ្ញវត្ថុដែលអនុវត្តដោយប្លុកសហភាពអឺរ៉ុប។

យោងតាមការព្យាករណ៍របស់អង្គកាណាតូ ការចំណាយរបស់អ៊ីតាលីទៅលើវិស័យយោធាក្នុងឆ្នាំ២០២៣នេះ គឺស្មើនឹង ១,៤៦%នៃចំណូលក្នុងស្រុកសរុប ខណៈដែលការចំណាយនេះនឹងធ្លាក់ចុះទៅ ១,៣៨% ក្នុងឆ្នាំ២០២៤ និង ១,២៦% ក្នុងឆ្នាំ២០២៥ ដែលផ្ទុយទៅនឹងការរំពឹងទុករបស់អង្គការណាតូ។

គួរបញ្ជាក់ថា សមាជិកនៃអង្គការណាតូបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០១៤ថា នឹងកំណត់គោលដៅចំណាយលើវិស័យការពារជាតិយ៉ាងតិចណាស់គឹស្មើ ២% នៃចំណូលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកនីមួយៗ ក្នុងឆ្នាំ២០២៤។ យ៉ាងណាមិញ ក្នុងចំណោមសមាជិកទាំង៣១ មានប្រទេសតែ ១១ប៉ុណ្ណោះ ដែលត្រូវបានព្យាករណ៍ថាអាចសម្រេចបានគោលដៅនេះក្នុងឆ្នាំនេះ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner