លោក ប្ល៊ីងកែន ធ្វើដំណើរទស្សនកិច្ចទៅកូរ៉េខាងត្បូង ខណៈរុស្ស៊ី និងកូរ៉េខាងជើងពង្រឹងទំនាក់ទំនង

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងសេអ៊ូលនៅថ្ងៃពុធទី ៨ ខែវិច្ឆិកា ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ខណៈសម្ព័ន្ធមិត្តទាំង២បង្កើនកិច្ចសហប្រតិបត្តិការប្រឈមនឹងកង្វល់ជុំវិញទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនាពេលនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ីដ៏ទូលំទូលាយរបស់លោក ប្ល៊ីងកែន ដោយលោកនឹងចូលរួមកិច្ចជាមួយសមភាគីនៃក្រុមប្រទេសអ្នកមានទាំង៧ (G7) និងកិច្ចពិភាក្សាជាមួយមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ក៏ដូចជាធ្វើដំណើរទៅឥណ្ឌាបន្ទាប់ពីនោះ ចំពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងបន្ត។

ដំណើរទស្សនកិច្ចនេះផងដែរ ក៏ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងប្រទេសជប៉ុន បានថ្កោលទោស និងចោទប្រកាន់ថា កូរ៉េខាងជើងផ្គត់ផ្គង់អាវុធ និងសម្ភារៈយោធាដល់ប្រទេសរុស្ស៊ី ដើម្បីយកទៅប្រើនៅអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ចាត់ទុកការពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី ថាជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជាថ្នូរឱ្យរុស្ស៊ីជួយខ្លួនក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្រ្តរបស់ខ្លួន។

កន្លងមក កូរ៉េខាងជើងបានបរាជ័យលើការបាញ់បង្ហោះផ្កាយរណបចារកម្មដល់ទៅពីរលើក ប៉ុន្តែទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដដែលជាលោកទី៣ ហើយមានលទ្ធភាពនៃការជោគជ័យខ្ពស់ ដោយសារជំនួយបច្ចេកទេសពីប្រទេសរុស្ស៊ី។

ក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូបានបដិសេធពីការផ្គត់ផ្គង់សព្វាវុធ ខណៈមេដឹកនាំនៃប្រទេស២ បានសន្យាកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធក្នុងជំនួបនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីកាលពីខែកញ្ញា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner