ព្រះមហាក្សត្រ អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ។ តាមរយៈមីទ្ទិញនៃពិធីបុណ្យឯករាជ្យជាតិ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។

ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បី នៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទី ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិ ដ៏មាន តម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវ ណាមួយរំលោភ ឈ្លានពានលើបូរណភាពទឹកដីបានឡើយ ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដូច្នេះក្នុងពិធីមីទ្ទីងអបអរសាទរ នៃពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅបរិវេណព្រះពន្លាព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពិធីមីទ្ទីងនេះ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងពិធីដ៏អធិកអធមនេះ ព្រះមហាក្សត្រ បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃគ្រប់ក្រសួង-ស្ថាប័ន ដែលបានប្រារព្ធពិធីរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជាយើង កំពុងមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេល ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា កំពុងតែចាប់ផ្តើមបំពេញភារកិច្ចដ៏ឧត្តម តាម តួនាទីរបស់ខ្លួនយ៉ាងសកម្ម ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលព្រះអង្គនៅគង់ព្រះជន្ម និងសម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រទានការសរសើរដ៏ស្មោះនូវគំនិតបញ្ញាញាណ ភាពច្នៃប្រឌិដ្ឋប្រកបដោយទេពកោសល្យរស់រវើក និងបទពិសោធន៍ចាស់ទុំក្នុងការដឹកនាំគ្រប់គ្រងសង្គមជាតិ និងប្រជារាស្ត្ររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចអគ្គមហាសេនាប់តីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាប្រមុខដឹកនាំដ៏ភ្លឺស្វាង ជាទីគោរពស្រឡាញ់ដ៏ជ្រាល់ជ្រៅបំផុត ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលអបអរសាទរ កោតសរសើរ និងគាំទ្រ នូវសុន្ទរកថាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ហើយព្រះអង្គ សូមចាត់ទុកថា នេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner