នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសចំណាយកញ្ចប់ថវិកាចំនួន ១១៣ពាន់លានដុល្លារដើម្បីជំរុញសេដ្ឋកិច្ច
តូក្យូ៖នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា(Fumio Kishida) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសនូវគម្រោងចំណាយកញ្ចប់ថវិកា១៧ទ្រីលានយ៉េន (១១៣ពាន់លានដុល្លារ) ដែលរួមបញ្ចូលការបន្ធូរបន្ថយពន្ធ និងអត្ថប្រយោជន៍សម្រាប់គ្រួសារដែលមានចំណូលទាប ក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិ។ ស្របពេលជាមួយគ្នានេះ ផែនការចំណាយរបស់លោករងការរិះគន់ពីសំណាក់អ្នកសង្កេតការណ៍មួយចំនួនថាគ្មានប្រសិទ្ធភាព ហើយនឹងធ្វើឱ្យបំណុលជាតិរបស់ជប៉ុនកាន់តែអាក្រក់ទៅៗ។
ទោះយ៉ាងណា លោក គីស៊ីដា បាននិយាយថាវាជាអាទិភាពរបស់លោកក្នុងការយកឈ្នះលើវិបត្តិអតិផរណា និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានដោយពន្យល់ថាកញ្ចប់ថវិកាដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើឱ្យប្រាក់ចំណូលពន្ធកើនឡើងតែនៅពេលដែលសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះ ហើយវាក៏នឹងធ្វើឱ្យផ្នែកសារពើពន្ធមានស្ថានភាពល្អ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនពេលនេះកំពុងស្ថិតលើច្រកចេញពីវិបត្តិអតិផរណា។ វានឹងលំបាកនៅពេលក្រោយប្រសិនបើយើងខកខានឱកាស ។ដូច្នេះខ្ញុំប្តេជ្ញាជំរុញការចំណាយដែលអាចប្រើប្រាស់បាន ដើម្បីឈានទៅរកការរីកចំរើន និងបង្កើតរដ្ឋប្រកបដោយគុណធម៌»។
គួរជម្រាបថា កញ្ចប់ចំណាយនេះរួមបញ្ចូលទាំងការកាត់បន្ថយពន្ធជាបណ្តោះអាសន្នដល់ពលរដ្ឋចំនួន ៤០,០០០ យ៉េន (២៦៦ ដុល្លារ) ក្នុងមនុស្សម្នាក់ចាប់ពីខែមិថុនាខាងមុខ ហើយប្រាក់ចំនួន ៧០,០០០ យ៉េន (៤៦៥ ដុល្លារ) នឹងបានទៅដល់គ្រួសារដែលមានចំណូលទាប រួមទាំងការឧបត្ថម្ភសម្រាប់ថ្លៃសាំង និងការចំណាយទូទៅមួយចំនួនទៀត។
បើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល ផែនការចំណាយដ៏សន្ធឹកសន្ធាប់របស់រដ្ឋាភិបាល នេះត្រូវបានប៉ាន់ប្រមាណថានឹងអាចជំរុញផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានដល់ ១.២ភាគរយ ជាមធ្យម។
ដោយឡែកពីសំណាក់សំឡេងប្រឆាំងវិញ លោក តាកាហ៊ីដេ គីអូជី(Takahide Kiuchi )ជាសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Nomura បាននិយាយថា ឥទ្ធិពលរបស់កញ្ចប់ថវិកាចំណាយនេះនឹងមានកម្រិត ដោយសារការកាត់បន្ថយពន្ធបណ្តោះអាសន្ន និងការឧបត្ថម្ភនឹងចូលទៅក្នុងប្រាក់សន្សំរបស់ពលរដ្ឋដដែល។ លោកបានបន្តថា វិធានការបែបនេះនឹងមិនផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ទេ តែវានឹងមានផលប៉ះពាល់លើសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមទៅដល់រយៈពេលវែងទៅវិញ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ