អ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធ រយៈពេល ៤ម៉ោង ក្នុង១ថ្ងៃនៅភាគជើងតំបន់ហ្កាហ្សា
ហ្កាហ្សា៖ អ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធរយៈពេល ៤ម៉ោង ក្នុង១ថ្ងៃនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់ការដឹកជំនួយមនុស្សធម៌ និងការជម្លៀសប្រជាជនចេញពីតំបន់នោះ នេះបើតាមអ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក។
ការផ្អាកការប្រយុទ្ធនេះកើតឡើងក្រោយមានសំណើពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឱ្យអ៊ីស្រាអែលផ្អាកបាញ់ យ៉ាងហោចណាស់ ៣ថ្ងៃ ដើម្បីសម្រួលដល់ការចរចាដោះលែងចំណាប់ខ្មាំង។
ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក John Kirby ក៏បានសង្កត់ធ្ងន់ថា ការផ្អាកការប្រយុទ្ធរបស់អ៊ីស្រាអែលនេះនឹងធ្វើឡើងត្រង់ចំណុចទីតាំងមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ដែលនឹងមិនរំខានដល់ប្រតិបត្តិការប្រយុទ្ធតែប៉ុណ្ណោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ថានឹងមានច្រករបៀងចំនួន ២ដែលអាចឱ្យប្រជាជនភៀសខ្លួនបានដែរ។ អាមេរិកបានព្យាយាមបង្កើនចំនួនរថយន្ដដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ហ្កាហ្សាឱ្យបាន ១៥០គ្រឿងក្នុងមួយថ្ងៃ ខណៈដែលអង្គការសហប្រជាជាតិនិយាយថា ជំនួយមនុស្សធម៌ទៅកាន់ហ្កាហ្សាសព្វថ្ងៃ គឺបានតែមួយភាគតូចនៃតម្រូវការរបស់ពួកគេប៉ុណ្ណោះ។
ទោះបីជាអ៊ីស្រាអែលយល់ព្រមអនុវត្តការផ្អាកការឈប់បាញ់រយៈពេល ៤ម៉ោងក្នុង ១ថ្ងៃ ប៉ុន្ដែអ៊ីស្រាអែលច្រានចោលការបង្កើតបទឈប់បាញ់ ដោយយល់ថាទង្វើនេះជាការចុះចាញ់នឹងក្រុមហាម៉ាស់៕


ប្រភព៖ BBC ប្រែសម្រួល៖ ឈឹម ទីណា