ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវចំណុចអាទិភាពចំនួន ៦
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយដាក់ចេញនូវចំណុចអាទិភាពចំនួន ៦ ក្នុងនោះមានការធ្វើកំណែទម្រង់មុខងារសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពមនុស្ស គុណភាពស្ថាប័ន និងការបន្តបណ្ដុះបណ្ដាល។ ដូច្នេះ ការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺសមស្របតាមពេលវេលា និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់ និងនីតិវិធីនានាពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជូនមេធាវី និស្សិត ជំនួយការ និងអ្នកហាត់ការចំនួន ៣០៣នាក់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តលះបង់ពេលវេលាជួយការងាររបស់ក្រសួង និងចូលរួមទទួលយកចំណេះដឹងបទពិសោធន៍នានាពាក់ព័ន្ធច្បាប់ភូមិបាល ការចុះបញ្ជីអចលនវត្ថុ ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការរៀបចំផែនទីប្រើប្រាស់ដី ការកសាងប្លង់គោលនិងផែនការប្រើប្រាស់ដី ច្បាប់ស្ដីពីសំណង់ លិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ ការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ និងការដោះស្រាយវិវាទដីធ្លី ជាដើម ៕
ដោយ / គ្រី សម្បត្តិ


