លោក ស៊ី និងលោក បៃដិន នឹងជួបគ្នានៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាលើកដំបូងក្នុងឆ្នាំនេះ

វ៉ាស៊ីនតោន៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីង នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីលើកដំបូងនាសប្តាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean Pierre បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំរវាងលោក ស៊ី និងលោក បៃដិន គ្រោងធ្វើឡើងនៅក្នុងថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី, ក្នុងតំបន់ និងពិភពលោក រួមទាំងវិធីសាស្រ្តគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ។

មន្រ្តីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាគ្នាផងដែរ អំពីវិបត្តសកលលោក មានដូចជាសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា លោក ស៊ី នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំប្រមុខរដ្ឋចិន-អាមេរិក និងតបតាមការអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APEC)។

គួរបញ្ជាក់ថា ជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី បានកើតមានឡើង បន្ទាប់ពីមានកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់នៅទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន និងនៅទីតាំងផ្សេងទៀត ហើយវានឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីមានជំនួបកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner