ទេសចរនិងសេវាករថ្លែងអំណរគុណអាជ្ញាធរខេត្តកំពតដែលរៀបចំពិធីប្រណាំងទូកបានល្អនិងទាក់ទាញបំផុត

(កំពត)៖ ពិធីប្រណាំងទូកងខេត្តកំពត រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងនោះពលរដ្ឋ និងភ្ញៀវទេចរជាតិ និងអន្តរជាតិបានមកចូលរួមទស្សនាប្រមាណ៥២ម៉ឺននាក់។ ទេសចរ និងសេវាករបានកោតសរសើរការរៀបចំរបស់អាជ្ញាធរខេត្ត ថាពិធីប្រណាំងអុំទូកសប្បាយ ហើយមានភាពទាក់ទាញបំផុត ប្រៀបដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិមួយ។

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា ស្រី ពេជ្រ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា គាត់មកលេងកំពតជាញឹកញាប់ ព្រោះកំពតមានកន្លែងដើរលេងច្រើន ម្យ៉ាងកំពតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ មកម្តង ប្លែកអារម្មណ៍ម្តង ជាក់ស្តែងដូចការមកចូលរួមទស្សនាការប្រណាំងទូកងលើកនេះ គឺកាន់តែពិសេសជាមួយទិដ្ឋភាពនៃការរៀបចំក៏ល្អ និងមានភាពទាក់ទាញខ្លាំង ប្រៀបដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិមួយ។

ចំណែកក្រុមអាជីវករលក់ដូរនៅផ្សារក្រណាត់ បានប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន រៀបចំពីធីប្រណាំងទូកងនៅឆ្នាំនេះ រៀបចំ បានល្អ និងមានភាពទាក់ទាញពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាច្រើន ធ្វើឲ្យពួកគាត់លក់ដាច់ដាច់ច្រើនជាងមុន។
រីឯអ្នកផ្តល់សេវារស្នាក់នៅ កញ្ញា ផន សុជាតិ ធ្វើការនៅសណ្ឋាគារ សាន់នី បានប្រាប់ឲ្យដឹងថា សាន់នី មាន៥៤បន្ទប់ ចែកជាបួនប្រភេទ និងភោជនីយដ្ឋាន ហាងកាហ្វេរ និងសេវាបន្ទប់ប្រជុំផងដែរ។ ចំពោះអំឡុងពេលនៃការរៀបចំពិធីប្រណាំងទូកង បន្ទប់មានភ្ញៀវមកស្នាក់ជិតពេញ។ កញ្ញាបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានរៀបចំពិធីប្រណាំងទូកង ដ៏អធឹកអធមនេះឡើង។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តសប្បាយ ក្នុងពិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃមានចំនួនសរុបប្រមាណ៥២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ១៣៧៥នាក់(ថ្ងៃទី១ ភ្ញៀវសរុប ២៥ម៉ឺននាក់ ថ្ងៃទី២ ភ្ញៀវសុប ២៧ម៉ឺននាក់)។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងក្នុងពិធីបិទការប្រណាំងទូកថា ចំនួនពលរដ្ឋ និងភ្ញៀវទេចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាការប្រណាំងទូកង និងដើរលេងកម្សាន្តនៅខេត្តកំពត រយៈពេលពីថ្ងៃនេះកន្លងទៅ ច្រើនហួសពីការរំពឹងទុករបស់រដ្ឋបាលខេត្ត ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការរៀបចំធ្វើឲ្យពិធីប្រណាំងទូក បញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយបំផុត ហើយឆ្នាំក្រោយនឹងធ្វើឲ្យកាន់តែធំជាងនេះទៅទៀត៕

ដោយ ៖ សិលា សារិន

ads banner