សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំណត់គោលដៅអាទិភាពតាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ។
ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកដើម្បីកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ