ក្រសួងប្រៃសណីយ៍ ឯកភាពតភ្ជាប់សេវាអ៊ីនធឺណិត និងផ្តល់អ្នកបណ្តុះបណ្តាលជំនាញចាំបាច់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឯកភាពក្នុងការតភ្ជាប់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមសហការក្នុងផ្តល់ជាវាគ្មិនក្នុងការបណ្តុះបណ្តាលជំនាញចាំបាច់ ព្រមទាំងបន្តកិច្ចសហការក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ។

បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ។

ការឯកភាពនេះ នៅក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន និងប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសំណូមពរដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជួយគាំទ្រលើការផ្តល់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា និងជួយគាំទ្របណ្តុះបណ្តាលលើជំនាញផ្នែកបទល្មើសបច្ចេកវិទ្យា ។

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់អំពីវឌ្ឍនភាពកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ អំពីការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលនិងកម្មវិធីបច្ចេកវិទ្យានានា ការលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន និងការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម ។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានមោទនភាពក្នុងការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី លើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម មានសង្ឈឹមថា វិស័យបច្ចេកវិទ្យាជាវិស័យសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន រដ្ឋ និងបានល្អប្រសើរ ជាពិសេស ក្នុងជួយលើកកម្ពស់វិស័យសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែមានការរីកចម្រើន ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner