របបយោធាមីយ៉ានម៉ាបញ្ជាឱ្យមន្ត្រីរាជការអតីតយោធាត្រៀមលក្ខណៈសម្រាប់ករណីអាសន្ន
ណៃពិដោ៖កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ និងអ្នកដែលមានបទពិសោធន៍យោធា ត្រៀមលក្ខណៈដើម្បីបម្រើកងទ័ពក្នុងករណីមានអាសន្ន បន្ទាប់ពីរបបយោធារងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីក្រុមបះបោរជាច្រើនកន្លែង។
ថ្ងៃព្រហស្បតិ៍ដដែលនេះ បើតាមមន្ត្រីប៉ូលិសឥណ្ឌាម្នាក់បានឱ្យដឹងថា យ៉ាងហោចណាស់មានទាហានមីយ៉ាន់ម៉ាចំនួន ២៩ នាក់ទៀតបានរត់ចូលទៅក្នុងប្រទេសឥណ្ឌា ក្រោយរងការវាយប្រហារពីក្រុមបះបោរនៅលើមូលដ្ឋានយោធារបស់ពួកគេនៅជិតព្រំដែនឥណ្ឌា ចំពេលដែលក្រុមឧទ្ទាមបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច។
លោក Tin Maung Swe លេខាក្រុមប្រឹក្សារដ្ឋបាលក្នុងរដ្ឋធានីណៃពិដោបានបញ្ជាក់ថា របបយោធាបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលនិងអតីតបុគ្គលិកយោធាបង្កើតអង្គភាពដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាសន្ន។ លោក Tin Maung បន្តថា អង្គភាពនេះក៏អាចនឹងត្រូវបានតម្រូវឱ្យចេញទៅក្រៅ ពេលមានបញ្ហាគ្រោះមហន្តរាយធម្មជាតិ និងសន្តិសុខជាដើម។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលមួយដែលបង្កើតឡើងដោយអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងក្រុមយោធា និងជាសម្ព័ន្ធមិត្តជាមួយក្រុមបះបោរមួយចំនួន បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនមានឈ្មោះថា «Road to Naypyitaw» ក្រោមគោលបំណងដណ្តើមកាន់កាប់រដ្ឋធានីប្រទេស។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធថា យោធាកំពុងប្រឈមមុខនឹង ការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទាហានឧទ្ទាមប្រដាប់អាវុធមួយចំនួនធំនៅក្នុងរដ្ឋ Shan ភាគឦសាន រដ្ឋ Kayah នៅភាគខាងកើត និងរដ្ឋ Rakhine នៅភាគខាងលិច។
លោក Zaw Min Tun បន្តថា ទីតាំងយោធាមួយចំនួនត្រូវបានជម្លៀសចេញ ហើយក្រុមបះបោរបាននឹងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រាប់បែករាប់រយគ្រាប់លើទីតាំងយោធា។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១មកម្ល៉េះ ពោលគឺនៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi និងបញ្ចប់ការខិតខំរយៈពេលមួយទសវត្សរ៍នៃកំណែទម្រង់លទ្ធិប្រជាធិបតេយ្យដោយឥតន័យ។
រដ្ឋប្រហារឆ្នាំ ២០២១ នេះក៏បានបំផ្លាញក្តីសង្ឃឹមនៃកំណែទម្រង់ប្រជាធិបតេយ្យឱ្យធ្លាក់ដល់សូន្យជាថ្មី និងបង្កឱ្យមានការប្រមូលផ្តុំនៃក្រុមប្រឆាំង ដែលបានបង្រួបបង្រួមគ្នាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតាមទីក្រុង និងការរួបរួមគ្នាជាមួយនឹងកងកម្លាំងជនជាតិភាគតិចដែលកំពុងប្រយុទ្ធដើម្បីការពារខ្លួននៅតាមតំបន់ព្រំដែន៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.straitstimes.com/asia/se-asia/myanmar-junta-says-facing-heavy-assault-from-insurgents-in-three-states