សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់អំពីការជ្រើសរើសយកពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ព្រោះយើងយល់ថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេង សម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែ គុណតម្លៃនេះ ពិតជាងាយណាស់នឹងត្រូវបានគេមើលរំលង។ ក្នុងន័យនេះ ប្រសិនបើមិនមានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្តេចតេជោ ស្ថាបនិកមគ្គទេសក៏ឯកនៃ នយោបាយឈ្នះ-ឈ្នះ ក៏ដូចជា ប្រតិបត្តិករនៃនយោបាយ ឈ្នះ-ឈ្នះ គ្រប់ៗរូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ ស្រស់ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏នឹងមិនមានថ្ងៃ ដែលយើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ ហើយប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម រីឯអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបាន ប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬ ទស្សនាកីឡាយ៉ាងសប្បាយរីករាយ ដូចសព្វថ្ងៃនេះទ្បើយ។ ដូច្នេះ កីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ បានបញ្ចប់ក៏ដោយ។ ការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២ កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡា ដ្ឋានជាតិមរតកតេជោ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីព្រឹត្តិការណ៍នេះ ទើបតែបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយក៏លទ្ធផល, ស្នាដៃ, កិត្តិយស និងកិត្យានុភាពជាតិ ដែលបានកើតចេញមក ហាក់ស្ថិតនៅថ្មីៗ ហើយនៅស្ថិត ស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សម្តេច ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិ រៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ បានសម្រេចបាន។ ព្រមទាំងបានកោតសរសើរបងប្អូនកីឡាករ-កីឡាការនី, សិល្បករ-សិល្បការនី, ប្អូនៗយុវជនអ្នកស្ម័គ្រចិត្ត, ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមសហការយកកម្លាំងកាយចិត្ត និងពេលវេលា ញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។
មួយវិញទៀត ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ក៏នឹងមិនអាចប្រព្រឹត្តឡើងបានឡើយ ប្រសិនមិនមានពហុកីឡដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃ និងជាប្រវត្តិសាស្ត្រ។ ពហុកីឡដ្ឋាននេះ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងការជួយគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងពហុកីឡដ្ឋាននេះទ្បើង សម្រាប់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ។
សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលបានរួមគ្នាដណ្តើមបានមេដាយគ្រប់ប្រភេទជាច្រើនពុំធ្លាប់ធ្វើបានពីមុនមក និងចំពោះកីឡាករ-កីឡាការិនីដទៃទៀត ទោះមិនបានមេដាយក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈ និងស្មារតីកីឡាអូឡាំពិក ដែលមិនរួញរា ឬបោះបង់ចោលការប្រកួត។ ស្មារតីនេះ ត្រូវបានបង្ហាញជាពិសេស ដោយកីឡាការិនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀងផ្គរ រហូតដល់គោលដៅ ទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ ដែលការណ៍នេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញផ្សព្វ ផ្សាយសង្គមនានា ធ្វើការចុះផ្សាយផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត






