សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ផ្តើមការទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ QR Code
សិង្ហបុរី៖ ធនាគារកណ្តាលសង្ហិបុរី បានបញ្ជាក់ថា សិង្ហបុរី និងឥណ្ឌូណេស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ បានបើកដំណើរការសេវាទូទាត់ប្រាក់ឆ្លងប្រទេស តាមរយៈ QR Code ដែលនេះជាផ្នែកមួយនៃការជំរុញតភ្ជាប់ក្នុងតំបន់។

ធនាគារឥណ្ឌូណេស៊ី និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលហៅកាត់ថា (MAS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា អតិថិជនរបស់ធនាគារនៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ឥឡូវនេះអាចទូទាត់ប្រាក់ទៅឱ្យពាណិជ្ជករនៅក្នុងប្រទេសទាំងពីរបាន តាមរយៈការស្កែន QR Code។ បើតាមសេចក្តីថ្លែងការណ៍ដដែល ធនាគារកណ្តាលទាំងពីរក៏នឹងបង្កើតក្របខ័ណ្ឌមួយផងដែរ ដើម្បីអនុញ្ញាតឱ្យមានការទូទាត់ប្រាក់ឆ្លងប្រទេស ជារូបិយប័ណ្ណក្នុងស្រុកនៅឆ្នាំ២០២៤។

បច្ចុប្បន្ន សិង្ហបុរីក៏បានបង្កើតការតភ្ជាប់សេវាទូទាត់ប្រាក់ តាមរយៈ QR ជាមួយប្រទេសចិន ម៉ាឡេស៊ី និងថៃរួចហើយដែរ។ នាយកគ្រប់គ្រង MAS លោក Ravi Menon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រព័ន្ធទូទាត់ខាងលើនេះ នឹងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងប្រទេស និងការចំណាយលើវិស័យទេសចរណ៍នៅទូទាំងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា នៅឆមាសទីមួយ ឆ្នាំ២០២៣ សង្ហិបុរីទទួលបានអ្នកដំណើរជាងមួយលាននាក់មកពីឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោក ដែលមានប្រជាជនរហូតដល់ ២៧០លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
