សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋសភា កម្ពុជា ក្នុងបេសកកម្ម កសាងសុខសន្តិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPF គួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម ។
ឯកឧត្តមបណ្ឌិត Charles S. Yang បានគូសបញ្ជាក់ថា UPFទំាងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន ។
ឯកឧត្តមបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះគណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ។ ឯកឧត្តមក៏លើកឡើងពីគម្រោងរៀបចំសន្និសីទមួយចំនួនរបស់UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រនៅក្នុងការបញ្ចប់សង្រ្គាមនិងកសាងសន្តិភាព។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគំាទ្រដល់បេសកកម្មរបស់ UPF ។

ជាមួយគ្នានេះសម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់គណៈប្រតិភូជួយចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជួយទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគ ជួយដល់ការបណ្តុះបណ្តាលនិងផ្តល់ជាសម្ភារនៅក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបម្រើសេវាជូនតំណាងរាស្រ្តកាន់តែមានប្រសិទ្ធភាព ព្រមទំាងការកសាងលើកកម្ពស់សមត្ថភាពនិងភាពអង់អាចដល់ស្រ្តី ផងដែរ ៕



ដោយ ហេង សម្បត្តិ