សម្តេចធិបតីបង្ហាញនូវគន្លឹះសំខាន់ ជំរុញវិស័យកសិកម្មមានស្តង់ដាខ្ពស់ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវគន្លឹះសំខាន់ នៃតួអង្គពាក់ព័ន្ធចំនួនបី ក្នុងការជួយជំរុញវិស័យកសិកម្មរបស់កម្ពុជា ដើម្បីត្រូវដើរឱ្យទាន់នឹងវិស័យកសិកម្មជឿនលឿនរបស់ពិភពលោក។
កម្ពុជាក្នុងសម័យអតីតកាល, ការធ្វើកសិកម្ម គឺពឹងផ្អែកជាសំខាន់លើពលកម្មមនុស្សច្រើន ដែលមានភាពយឺតយ៉ាវមិនអាចបំពេញនូវអ្វីដែលប្រទេសធ្វើជំនួញនៅលើលើពិភពលោកចង់បានឡើយ។ កម្ពុជានារយៈពេលចុងក្រោយនេះ ការធ្វើកសិកម្ម បានប្រែប្រួលបត់បែន តាមសម័យឧស្សាហកម្មជឿនលឿន និងបច្ចេកវិទ្យា។
កម្ពុជាអាចមានលទ្ធភាពធ្វើស្រូវអង្ករហូបគ្រប់គ្រាន់ដោយខ្លួនឯង និងមានលទ្ធភាពនេះចេញទៅលក់នៅក្រៅប្រទេសថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវតួអង្គសំខាន់ចំនួន៣ ដែលនឹងជួយកម្ពុជាធ្វើដំណើរចាកចេញពីការធ្វើកសិកម្មដែលពឹងលើកម្លាំងច្រើន និងការជួយជំរុញវិស័យកសិកម្មកម្ពុជា ក្លាយជាការធ្វើកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដាខ្ពស់ និងមានការប្រកួតប្រជែងលើសកលលោក។
វិស័យកសិកម្មរបស់កម្ពុជាត្រូវគេកត់សម្គាល់ថាមានដំណើរការល្អនៅក្នុងស្រុក បើទោះបីជាប្រទេសមួយចំនួនលើសកលលោកបានរងនឹងវិបត្តិស្បៀងអាហារ ដោយសារតែបញ្ហាសង្គ្រាមកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន និងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីនក៏ដោយ។
លើសពីនោះទៀត, ចំណោទនៃកត្តាបរិស្ថានជាពិសេសបាតុភូតកម្តៅអែលនីញ៉ូ El Nino ដែលបង្កគ្រោះរាំងស្ងួត និងបង្កជាព្យុះភ្លៀង នាំទឹកជំនន់លិចលង់ដល់ប្រទេសមួយចំនួន លើសកលលោក ក្នុងឆ្នាំ២០២៣នេះក៏ដោយ ប៉ុន្តែវិស័យកសិកម្មរបស់កម្ពុជា មិនមានការរងប៉ះទង្គិចខ្លាំងក្លាដូចប្រទេសមួយចំនួនធ្លាប់បានជួបប្រទះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញកត្តាប៉ះពាល់ដល់ប្រទេសមួយចំនួន លើសកលលោក ដោយសារសង្គ្រាម និងបាតុភូតកម្តៅអែលនីញ៉ូ ដែលបាននិងកំពុងកើតឡើង។
កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដើម្បីនាំប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់។ ការជំរុញវិស័យកសិកម្ម គឺជាចំណុចសំខាន់មួយ ដែលនឹងជួយកម្ពុជា ក្នុងការសម្រេចបាននូវចក្ខុវិស័យទាំង២ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧នេះ។