លោក ពូទីន ៖ រុស្ស៊ីត្រូវតែប្រជែងជាមួយ AI លោកខាងលិចដែលមានគ្រោះថ្នាក់
មូស្គូ៖ មេដឹកនាំរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ភាពផ្តាច់មុខរបស់ប្រទេសលោកលើបញ្ញាសិប្បនិមិត្ត (AI) គឺពិតជា “គ្រោះថ្នាក់” និងថា រុស្ស៊ីត្រូវប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីប្រកួតប្រជែងនឹង chatbots ដ៏លំអៀងរបស់លោកខាងលិច។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងមូស្គូ ថា ខ្ញុំគិតថា អ្នកដឹងច្បាស់ហើយថា ម៉ាស៊ីនស្វែងរកលោកខាងលិចមួយចំនួន និងគំរូទូទៅមួយចំនួន តែងតែធ្វើការក្នុងរបៀបជ្រើសរើស និងលំអៀង។
លោក ពូទីន បន្តថា ពួកគេមិនគិតពីវប្បធម៌រុស្ស៊ីទេ ហើយពេលខ្លះពួកគេព្រងើយកន្តើយ និងលុបចោលវាតែម្តង…ប្រព័ន្ធទំនើបជាច្រើនត្រូវបានបណ្តុះបណ្តាល លើទិន្នន័យប្រទេសលោកខាងលិច សម្រាប់ទីផ្សាររបស់ពួកគេ។ លោក ពូទីន បន្ថែមថា ការត្រួតត្រាផ្តាច់មុខនៃការច្នៃប្រឌិតបរទេសបែបនេះ នៅក្នុងប្រទេសរុស្ស៊ី គឺ “គ្រោះថ្នាក់” និងមិនអាចទទួលយកបានទេ។
ទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីរូបនេះ បានអំពាវនាវម្តងហើយម្តងទៀតឱ្យទីក្រុងមូស្គូ ឈប់ពឹងផ្អែកលើបច្ចេកវិទ្យារបស់លោកខាងលិច ហើយកាលពីខែកញ្ញា ក៏បានបញ្ជាឱ្យរដ្ឋាភិបាលបោះទុនវិនិយោគ ក្នុងការអភិវឌ្ឍកុំព្យូទ័រទំនើប និងស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
គួរបញ្ជាក់ថា ឧស្សាហកម្មបច្ចេកវិទ្យារបស់រុស្ស៊ីជួបការលំបាកខ្លាំង បន្ទាប់ពីទីក្រុងមូស្គូបានលុកលុយទឹកដីអ៊ុយក្រែន។ បុគ្គលិក IT រាប់ពាន់នាក់បានភៀសខ្លួន ដើម្បីគេចចេញពីកែនធ្វើកងទ័ព ចំពេលដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានរារាំងការនាំចូលវត្ថុធាតុដើមសំខាន់ៗមួយចំនួនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


