វៀតណាមប្តេជ្ញាធ្វើការកែប្រែផែនការអាកាសធាតុមុនកិច្ចប្រជុំ COP28 ដើម្បីទាក់ទាញការវិនិយោគ ពីក្រុមប្រទេស G7

វៀតណាម៖ វៀតណាមកំពុងប្តេជ្ញាចិត្តបញ្ចប់កំណែទម្រង់ផែនការអាកាសធាតុជាមួយរដ្ឋាភិបាល G7 និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគី ដែលអាចផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេស។ នេះបើយោងតាមមន្ត្រីបរទេសដែលដឹងអំពីកិច្ចពិភាក្សានេះ។

ឯកសារដែលគេស្គាល់ថាជាផែនការកៀរគរធនធានត្រូវតែព្រមព្រៀងជាមួយអ្នកវិនិយោគឱ្យរួចរាល់មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា នាទីក្រុងឌូបៃ ដើម្បីអាចទទួលកម្ចីខ្នាតធំដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។

គេហទំព័ររដ្ឋាភិបាលវៀតណាមបានផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំ COP28 ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ខណៈគេរំពឹងថាផែនការថ្មីដែលកំពុងកំណែទម្រង់អាចត្រូវបានប្រកាសនៅទីនោះ។

បើតាមមន្ត្រីបរទេសមួយរូបដែលបដិសេធមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការងារមួយចំនួននៅតែដំណើរការជាចម្បងសម្រាប់វៀតណាម ពិសេសលើការផ្លាស់ប្តូរក្របខណ្ឌបទប្បញ្ញត្តិ និងឧបសគ្គសម្រាប់ការវិនិយោគ។

ចំណែកមន្ត្រីមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា បានឱ្យដឹងថា មកទល់ពេលនេះកំណែទម្រង់ គឺមិនមានបញ្ហាអ្វីធំដុំនោះទេ ពោលគឺរងចាំតែការអនុម័តកំណែចុងក្រោយប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន និងការិយាល័យនាយករដ្ឋមន្ត្រីវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេពីសំណាក់ក្រុមអ្នកសារព័ត៌មាននោះទេ។

បើតាមកំណែទម្រង់ព្រាងកាលពីចុងខែតុលា ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានរាយបញ្ជីការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគម្រោងជាង ៤០០ ដែលអាចនឹងទទួលបានប្រាក់សន្ធឹកសន្ធាប់ពីសមាជិកប្រទេស G7 រួមទាំងគម្រោងចំនួន ២៧២ផ្សេងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជាការធ្វើឱ្យប្រសើរបណ្តាញអគ្គិសនី ខ្យល់ និងកសិដ្ឋានពន្លឺព្រះអាទិត្យ ឬ solar farms។

ដោយឡែកក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានតាំងពីឆ្នាំមុនជាមួយអ្នកវិនិយោគបរទេសដែលភាគច្រើនមកពីប្រទេសសមាជិក G7 វៀតណាមអាចនឹងទទួលបានប្រាក់ប្រមាណ ១៥,៥ ពាន់លានដុល្លារ ដែលភាគច្រើនជាកម្ចីពាណិជ្ជកម្មតាមអត្រាទីផ្សារក្នុងរយៈពេល ៣-៥ ឆ្នាំ ដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម។ យ៉ាងណា បើទោះបីជាអាចទទួលបានកម្ចីក្នុងទំហំធំពីអ្នកវិនិយោគ ក៏គេមិនប្រាកដថាវៀតណាមពិតជានឹងយកប្រាក់កម្ចីតាមការផ្តល់ជូននោះទេ ខណៈកន្លងមករដ្ឋាភិបាលកុម្មុយនិស្តមានការស្ទាក់ស្ទើរក្នុងការ ទទួលយកប្រាក់កម្ចីពីបរទេសនាពេលកន្លងមក៕

ដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ
CPA

ប្រភព៖ G7, Vietnam making final tweaks to climate plan ahead of COP28 – sources

ads banner