អ៊ីរ៉ង់ អះអាងថា អាម៉េរិកប្រហែលជាច្រឡំបាញ់ទម្លាក់ដ្រូនខ្លួនឯង ព្រោះគ្រប់ដ្រូនអ៊ីរ៉ង់ ស្ថិតនៅក្នុងបន្ទាយទាំងអស់
អ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកទំនងជាបានច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង ខណៈយន្ដហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទាំងអស់ ស្ថិតនៅក្នុងបន្ទាយយ៉ាងមានសុវត្ថិភាព និងគ្មានត្រូវនរណាបាញ់ធ្លាក់នោះឡើយ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើនៅថ្ងៃសុក្រនេះថា យើងមិនបានបាត់បង់យន្ដហោះដ្រូនណាមួយនៅច្រកសមុទ្រហ័រមូស ឬទីកន្លែងផ្សេងណាមួយនោះទេប៉ុន្តែលោកបារម្ភថា ខ្លាចនាវាចម្បាំងអាម៉េរិក USS Boxer ច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង។

ការអះអាងរបស់លោក អាប់បាស់ អារ៉ាកជី ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា នាវាចម្បាំងអាម៉េរិក USS Boxer បានចាត់វិធានការការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បន្ទាប់ពីយន្ដហោះនោះ ហោះមកក្បែរៗស្ថិតនៅចម្ងាយ៩១៤ម៉ែត្រពីនាវាចម្បាំងអាម៉េរិក៕ធ.ដ
