អង្គការសហប្រជាជាតិ៖ ហ្វីលីពីនជាប្រទេសកើតជំងឺអេដស៍ខ្លាំងបំផុតមួយរបស់ពិភពលោក
ម៉ានីល៖ ការឆ្លងមេរោគអេដស៍កំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកជំនាញបានស្តីបន្ទោសការណាត់ជួបតាមអ៊ីនធើណិត និងកង្វះការអប់រំអំពីបញ្ហាផ្លូវភេទ បានជំរុញឱ្យអត្រាឆ្លងមេរោគអេដស៍រីករាលដាលខ្លាំង។
ស្របពេលតិចជាងមួយភាគរយនៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យរកឃើញផ្ទុកជំងឺអេដស៍នោះ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វីលីពីនជាប្រទេសកើតមេរោគនេះខ្លាំងបំផុតមួយរបស់ពិភពលោក។ ទន្ទឹមគ្នា មន្ត្រីសុខាភិបាលហ្វីលីពីនបានព្រមានថា ចំនួនអ្នកធ្វើតេស្តវិជ្ជមានមេរោគអេដស៍ជារៀងរាល់ឆ្នាំកំពុងកើនឡើង ដូច្នេះគេរំពឹងថា អត្រាឆ្លងជំងឺនេះ អាចកើនឡើងលើសពីទ្វេដង ដល់ជាង ៤០០,០០០នាក់នៅឆ្នាំ ២០៣០។

ភាគច្រើននៃការឆ្លងមេរោគអេដស៍ថ្មីៗ គឺស្ថិតក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្ត្រីកែភេទ ហើយក្មេងជំទង់កើនឡើងខ្លាំងជាងគេ។ ការសិក្សាផ្នែកសុខភាពផ្លូវភេទរបស់វិទ្យាស្ថានប្រជាជនហ្វីលីពីនក្នុងឆ្នាំ ២០២១ បានបង្ហាញថា ជាងមួយភាគបីនៃយុវជនហ្វីលីពីន ដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ មិនជឿថា ការប្រើស្រោមអនាម័យអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍នោះទេ។ ហើយយុវជនហ្វីលីពីនដែលយល់ដឹង អំពីជំងឺអេដស៍បានធ្លាក់ចុះមកត្រឹម ៧៦ភាគរយ ជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩៤។
គួរបញ្ជាក់ថា អង្គការ UNAIDS បានកំណត់គោលដៅលុបបំបាត់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសកលនៅឆ្នាំ ២០៣០ ដែលរួមបញ្ចូលទាំងការកាត់បន្ថយចំនួនករណីឆ្លងមេរោគអេដស៍ថ្មីៗចំនួន ៩០ភាគរយ បើធៀបនឹងឆ្នាំ ២០១០។ ទិន្នន័យរបស់ UNAIDS បានបង្ហាញថា ការស្លាប់ដោយសារជំងឺអេដស៍បានកើនឡើង ៥៣៨ភាគរយនៅហ្វីលីពីន នៅចន្លោះឆ្នាំ ២០១០ និង ២០២២ ខណៈដែលទូទាំងពិភពលោកធ្លាក់ចុះ ៥១ភាគរយ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា