សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលធ្វើឡើងនៅខេត្តកែប
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី១០ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍ ដែលធ្វើឡើងនៅខេត្តកែប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក ហេង យ័ន អភិបាលក្រុងកែប, រដ្ឋបាលខេត្តកែប បានរៀបចំពិធីបុណ្យសមុទ្រ ដោយនាំមកនូវព្រឹត្តិការណ៍សប្បាយៗជាច្រើនលើសឆ្នាំមុនៗ ដោយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប បានចាប់ផ្តើមដំណើរការពិធីបុណ្យសមុទ្រ ខណៈជុំទីបីនេះ មានព្រឹត្តិការណ៍កំសាន្ត និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន តាមរយៈការរៀបចំស្តង់លក់ផលិតផល ស្តង់ម្ហូបអាហារ ព្រឹត្តិការណ៍ប្រគំតន្រ្តីសម័យជាច្រើនកន្លែង ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការបង្ហោះខ្លែងដោយភ្ជាប់ជាមួយភ្លើងពណ៌ និងព្រឹត្តិការណ៍កំសាន្តជាច្រើនទៀតទាំងតាមបែបបុរាណ និងសម័យ។

មួយវិញទៀតការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ, ឆ្នេរសមុទ្រដែលទើបរៀបចំថ្មីៗ, វត្តមានដ៏ប្រណិតរបស់សណ្ឋាគារ, រីសត, ទីកន្លែងអង្គុយកំសាន្តស្រូបយកខ្យល់អាកាសជាច្រើនទៀត រួមទាំងការលក់ម្ហូបអាហារសមុទ្រស្រស់ៗ ដែលទើបយកចេញពីសមុទ្រពីសំណាក់បងប្អូនប្រជានេសាទភ្លាមៗជាដើមផងដែរ។
សូមបញ្ជាក់ថា បុណ្យសមុទ្រជុំទី៣ លើកទី១០ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន រួមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ ។

បុណ្យសមុទ្រ នៅខេត្តកែបនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ជាលក្ខណៈប្តូរវេន សម្រាប់ខេត្តជាប់សមុទ្រនៅទិសភាគនារតី ដែលមិនត្រឹមតែរួមចំណែកក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ អំពីឆ្នេរធម្មជាតិរបស់ខេត្ត ដែលជាប់ឆ្នេរសមុទ្រនីមួយៗនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវផងដែរ ៕



















ដោយ ៖ វណ្ណលុក