ការចិញ្ចឹមខ្យងយក្សកំពុងរីកដូចផ្សិតនៅប្រទេសកូតឌីវ័រ
អាហ្សាហ្គី៖ ខ្យងយក្សអាចមានទម្ងន់អតិបរមា ៥០០ក្រាម ហើយការលូតលាស់របស់វាត្រឹមតែ ១០សង់ទីម៉ែត្រយ៉ាងច្រើនបំផុត ប៉ុន្តែការចិញ្ចឹមខ្យងយក្សកំពុងក្លាយជាការប្រកបអាជីវកម្មដ៏ធំនៅក្នុងប្រទេសកូតឌីវ័រ។
ក្រៅពីសាច់ដ៏ឈ្ងុយឆ្ងាញ់, ទឹករំអិល និងសំបករបស់ខ្យងយក្សក៏ត្រូវបានគេយកទៅធ្វើគ្រឿងសម្អាងផងដែរ។ ប៉ុន្តែជម្រកធម្មជាតិរបស់ខ្យងព្រៃ ឬខ្យងយកបានទទួលរងនូវការបំផ្លិចបំផ្លាញ ពីព្រោះជិត ៩០ភាគរយនៃគម្របព្រៃឈើរបស់ប្រទេសអាហ្រ្វិកខាងលិច បានបាត់បង់ក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ។ ដោយសារចំនួនខ្យងព្រៃ ឬខ្យងយក្សធ្លាក់ចុះជាលំដាប់នោះ កសិដ្ឋានជាច្រើនដែលមានឯកទេស ក្នុងការបង្កាត់ពូជខ្យងព្រៃ បានរីកដុះដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកូតឌីវ័រ។

ដោយចាត់ទុកជាអាហារដ៏ពេញនិយមមួយនៅប្រទេសកូតឌីវ័រ ខ្យងយក្ស ឬខ្យងព្រៃត្រូវបានបង្កាត់ពូជនៅក្នុងកសិដ្ឋានមួយ ក្នុងចំណោមកសិដ្ឋានជាច្រើននៅក្នុងទីក្រុងអាហ្សាហ្គី មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីពាណិជ្ជកម្ម អាប៊ីដជេន។ រវាងខ្យងតូចៗ និងខ្យងបង្កាត់ពូជរាប់ពាន់ក្បាល មានខ្លះធំជាងខ្យងដែលរកឃើញនៅតំបន់អឺរ៉ុបទៅទៀត។
ភាពសាមញ្ញនៃការចិញ្ចឹមខ្យងយក្ស ផលិតភាព និងប្រាក់ចំណេញពីការលក់វា បានទាក់ទាញជនជាតិកូតឌីវ័ររាប់ពាន់នាក់ ងាកមកប្រកបអាជីវកម្មមួយនេះ បន្ទាប់ពីទទួលបាននូវការបណ្តុះបណ្តាល។ ជាក់ស្តែងក្នុងរយៈពេល ៥ឆ្នាំមកនេះ ផលិតកម្មខ្យងបានកើនឡើងពី ២៥ ទៅ ២៥០តោនក្នុងមួយខែ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូតឌីវ័រ៕







ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា