សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើភាគីវៀតណាម ពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍ រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់

(វៀតណាម)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីវៀតណាម ជួយជំរុញនិងពន្លឿនការភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទំាងពីរឱ្យបានកាន់តែឆាប់ និងជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគវៀតណាម មកធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់ច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកសំណើនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម វូ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាថ្ងៃទីពីរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទំាងពីរបានកើនឡើងដល់ ១០ពាន់លានដុល្លារ ដែលជាទំហំមួយគួរជាទីមោទនៈ។ រីឯវិស័យទេសចរណ៍ ប្រជាជនវៀតណាម ស្ថិតនៅអត្រាខ្ពស់ ក្នុងចំណោមអ្នកទេសចរបរទេសដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ១៩ ចំនួនអ្នកទេសចរវៀតណាមបានធ្លាក់ចុះ។

ឯកឧត្តម វូ វ៉ាន់ធឿង បានស្វាគមន៍ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា វៀតណាមសង្ឃឹមថានឹងនាំចូលកសិផលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ហើយការទទួលទិញរបស់កម្ពុជាលើផលិតផលឧស្សាហកម្មពីវៀតណាមក៏កើនឡើងផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរីកចម្រើនរវាងប្រទេសទំាងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។

ឯកឧត្តម វូ វ៉ាន់ធឿង បន្តថា វៀតណាមបានកំពុងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម ត្រូវបានឯកឧត្តមប្រធានរដ្ឋជឿជាក់ថា នឹងមានការពិភាក្សាគ្នាកាន់តែច្រើននិងស៊ីជម្រៅ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវគមនាគមន៍ជាដើមផងដែរ ។

សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំទ្វេឡើង ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner